ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៨-២០១៩

By: Media | Posted on: 11/01/2018 3:03:32 PM

(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល មានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ក្រោមវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ     ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។ ក្នុងកម្មវិធីនេះ ក៏មានវត្តមានអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ភ្ញៀវជាតិ អន្តរជាតិជាដៃគូអភិវឌ្ឍរបស់សវស សាស្រ្តាចារ្យ មន្រ្តីរាជការ-បុគ្គលិក និងនិស្សិតសវសយ៉ាងច្រើនកុះករ។
 
ក្នុងឱកាសនោះឯកឧត្ដមសាស្រ្តាចារ្យ  សាផុន  វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបានសម្តែងនូវគារវកិច្ច និង ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតីក្នុងឱកាសបើកបវេសនកាលថ្មីនៅសវស នាព្រឹកនេះ។ ជាមួយគ្នានោះ ឯកឧត្ដមសាកលវិទ្យាធិការបានរាយការណ៍ជាសង្ខេបជូនគណៈអធិបតី និងអង្គពិធីអំពីសមិទ្ធផលសំខាន់ៗ ដែលសាកលវិទ្យាល័យសម្រេចបាន នៅក្នុងឆ្នាំ២០១៨ នេះ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់ក្មួយៗនិស្សិត មាតា បិតា និងអាណាព្យាបាលនិស្សិតទាំងអស់ ដែលសម្តេចជានិច្ចកាល តែងតែយកចិត្តទុកដាក់លើវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងទិសដៅជម្រុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក៏ដូចជាក្នុងទិសដៅធានាកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកប ដោយចេរភាព និងធន់នឹងវិបត្តិ  រាជរដ្ឋាភិបាលកម្ពុជា ដែលមាន  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពមុខគេ លើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យសុខាភិបាលដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ 

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍សំខាន់ជាគន្លឹះសម្រាប់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការបង្កើនសមត្ថភាព មន្រ្តីរាជការ និងបុគ្គលិក ការបណ្តុះបណ្តាល និង ត្រូវខិតខំពង្រឹងនិងពង្រីកកិច្ចសហការបន្ថែមទៀតជាមួយដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីកៀងគរនូវធនធាន ចូលរួមដល់ការអភិវឌ្ឍន៍សាកលវិទ្យាល័យបន្តទៀត។ បន្ថែមពីនោះ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដោយស្មោះ និងចូលរួមអបរសាទរចំពោះលោក លោកស្រី ជាសាស្រ្តាចារ្យឆ្នើម មន្រ្តី-បុគ្គលិកឆ្នើម និងក្មួយៗ ដែលបានទទួលចំណាត់ថ្នាក់ជានិស្សិតឆ្នើម និងសូមលើកទឹកចិត្តដល់ក្មួយៗនិស្សិតទាំងអស់ សូមយកគំរូល្អតាមមិត្តនិស្សិតឆ្នើមដោយបន្តខិតខំសិក្សារៀនសូត្រដើម្បីទទួលបានលទ្ធផលល្អប្រសើរ ដើម្បីចូលរួមចំណែកលើកកិត្យានុភាពសាកលវិទ្យាល័យយើង។

ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងលើកទឹកចិត្តដល់ការខិតខំរបស់សាស្រ្តាចារ្យ មន្រ្តី-បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យបានជ្រើសរើស សាស្រ្តាចារ្យឆ្នើមស.វ.ស សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ចំនួន១៨នាក់ មន្រ្តី-បុគ្គលិកស.វ.ស ឆ្នើម សម្រាប់ឆ្នាំ២០១៨ ចំនួន ១៥ នាក់ និងនិស្សិតស.វ.ស ឆ្នើមសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ ចំនួន ១០៣ នាក់។

គួរជម្រាបថា នៅក្នុងឆ្នាំសិក្សា ២០១៧-២០១៨ កន្លងមកនេះ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានបណ្ដុះបណ្ដាលនិស្សិតមានចំនួនសរុប ៦,១៤៣ នាក់ ក្នុងនោះ មាននិស្សិតស្រីចំនួន ៣,១៨១ នាក់ និងនិសិ្សតទទួលអាហារូបករណ៍របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៦៤៦ នាក់ ។ បន្ថែមលើនេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស  ចំនួន ១០៤ នាក់ បានទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។