ស.វ.ស ផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីគោលការណ៍ និងយន្តការប្រឡងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ទីតាំងទី១ នៃស.វ.ស៖ ព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ស.វ.ស បានរៀបចំពិធីផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីគោលការណ៍ និងយន្តការសម្រាប់ការប្រឡងជ្រើសរើសនិស្សិតចូលរៀន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវះកាត់មុខមាត់ឆ្អឹងថ្គាម ជំនាន់ទី១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកពត់ធ្មេញ ជំនាន់ទី៣ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមវត្តមានសមាជិក សមាជិការនៃគណៈកម្មការ អនុគណៈកម្មការប្រឡងជ្រើសរើសនិស្សិតចូលរៀន និងសហការីនៃអង្គភាពប្រឆាំងអំពើពុករលួយ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសនិស្សិតចូលរៀន។ ក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស, ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល, លោកជំទាវវេជ្ជបណ្ឌិត ម៉ា សូយ៉ិនដា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ។ក្នុងកិច្ចប្រជុំនេះ គឺដើម្បីអោយគណៈកម្មការ និងអនុគណៈកម្មការប្រឡងទាំងអស់បានយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន សំដៅពង្រឹងបន្ថែមទៀតការអនុវត្តការងារ ដើម្បីបង្កើននូវប្រសិទ្ធភាពខ្ពស់ក្នុងពេលដំណើរការប្រឡង។ ដំណើរការការប្រឡងទាំងមូល មានការអញ្ចើញចូលរួមត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ស.វ.ស និងភាគីពាក់ព័ន្ធ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យការប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំងពីរ ដំណើរការដោយរលូន ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សមភាព និងតម្លាភាព ព្រមទាំងមានភាពទទួលខុសត្រូវខ្ពស់។គួរជម្រាបជូនថា បេក្ខជនសរុបចំនួន ៤៩ នាក់ (ស្រ្តី ១៧ នាក់) បានដាក់ពាក្យក្នុងការប្រឡងនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងផ្តល់អាហារូបករណ៍ជូនបេក្ខជន-បេក្ខនារីដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងជ្រើសរើសចូលរៀន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពត់ធ្មេញ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវះកាត់ មុខមាត់-ឆ្អឹងថ្គាម នៅស.វ.សនេះ៕

Posted on: 05/07/2024 3:39:04 PM