ស.វ.ស រៀបចំសិក្ខាសាលា" របៀបសរសេររបាយការណ៍ស្វ័យវាយតម្លៃបែបវិភាគ សម្រាប់ការវាយតម្លៃទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា"

ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំសិក្ខាសាលាស្តីពី " របៀបសរសេររបាយការណ៍ស្វ័យវាយតម្លៃបែបវិភាគ សម្រាប់ការវាយតម្លៃទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា" ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មកពីអង្គភាពនានាក្រោមឱវាទស.វ.ស សរុបជិត ៥០នាក់ នៅសណ្ឋាការភ្នំពេញ។ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។ក្នុងសិក្ខាសាលា មានការធ្វើបទបង្ហាញពីវិធីសាស្រ្តប្រមូល វិភាគ និងសរសេររបាយការណ៍ លទ្ធផលវាយតម្លៃលើស្តង់ដារទី៣, ទី៤, ទី៥ និងទី៦ ដោយគ្រូឧទ្ទេសមកពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។ សិក្ខាសាលារយ:ពេល២ថ្ងៃនេះ មានគោលបំណងអោយអ្នកទទួលបន្ទុកដោយផ្ទាល់លើការងារធានាគុណភាពផ្ទៃក្នុងនៅស.វ.ស ទទួលនូវការយល់ដឹងបន្ថែមទាក់ទងនឹងវិធីសាស្រ្តប្រមូល និងវិភាគទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងសូចនាករស្តង់ដារជាតិទាំង៩ និងសមត្ថភាពសរសេររបាយការណ៍ស្វ័យវាយតម្លៃបែបវិភាគ។គួរជម្រាបថា ពាក់ព័ន្ធនឹងវិធីសាស្ត្រប្រមូល និងវិធីសាស្ត្រវិភាគទិន្នន័យ ព័ត៌មានទាក់ទងនឹងសូចនាករនៃស្តង់ដាជាតិ ស.វ.សបានរៀបចំយ៉ាងបុរេសកម្មក្នុងការប្រជុំពិភាក្សា និងរៀបចំសិក្ខាសាលាពាក់ព័ន្ធជាបន្តបន្ទាប់ដើម្បីប្រមូលព័ត៌មានតាមស្តង់ដារនីមួយៗនូវសូចនាករ រួមទាំងបន្តការខិតខំក្នុងការប្រមូលភស្តុតាង និងឯកសារដែលពាក់ព័ន្ធដើម្បីរៀបចំរបាយការណ៍ស្វ័យវាយតម្លៃរបស់សាកលវិទ្យាល័យអនុលោមតាមសៀវភៅណែនាំថ្មី ដែលការងារនេះត្រូវបញ្ចប់ និងបញ្ជូនទៅគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ។

Posted on: 05/07/2024 3:36:46 PM