កិច្ចប្រជុំលើវឌ្ឍនភាពនៃដំណើរការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអនុវត្តគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមការងារនៃការិយាល័យកណ្តាលរបស់ Korea Exim Bank ដឹកនាំដោយលោក Younsuk Kim នាយក Asian Team 2។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល ផងដែរ។កិច្ចប្រជុំបានផ្តោតសំខាន់លើវឌ្ឍនភាពនៃដំណើរការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងគម្រោងបន្តផ្សេងៗទៀតសម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបអំពីវឌ្ឍនភាពនៃដំណើរការនីតិវិធីលទ្ធកម្មក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់មន្ទីរពេទ្យ ដែលការងារនេះ បានប្រព្រឹត្តទៅដោយរលូន ដោយមានការគាំទ្រ ពីទីប្រឹក្សាបច្ចេកទេស ក្រុមការងារ Korea Exim Bank ប្រចាំប្រទេសកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានស្នើសុំឱ្យការិយាល័យកណ្តាល Korea Exim Bank ជួយពន្លឿនការវាយតម្លៃការជ្រើសរើសក្រុមហ៊ុនសាងសង់មន្ទីរពេទ្យ ក៏ដូចជានីតិវិធីលទ្ធកម្មកញ្ចប់ផ្សេងទៀត ដែលរួមមានកញ្ចប់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ និងកញ្ចប់ទិញឧបករណ៍ សម្ភារៈវេជ្ជសាស្រ្ត ដើម្បីឱ្យការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អាចបញ្ចប់តាមផែនការគ្រោងទុក។បន្ថែមពីនេះ លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបអំពីគម្រោងពង្រីកមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោយការសាងសង់ដំណាក់កាលទី១រួចរាល់ និងគម្រោងសាងសង់អគារសិក្សាបន្ថែម ដើម្បីបំពេញតម្រូវការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។លោក Younsuk Kim បានសាទរចំពោះវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងសុខាភិបាល និងបានបញ្ជាក់គាំទ្រជម្រុញឱ្យគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដំណើរការបានឆាប់រហ័ស។គួរបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានទទួលហិរញ្ញប្បទានឥណទានកម្ចីរបស់សាធារណៈរដ្ឋកូរ៉េ សម្រាប់ការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ គ្រោងសាងសង់ក្នុងដំណាក់កាលដំបូង ចំនួន ២០០ គ្រែ និងគ្រោងពង្រីកបន្ថែម សម្រាប់ដំណាក់កាលទី២ ចំនួន ២០០ គ្រែបន្ថែមទៀត។ មន្ទីរពេទ្យនេះ គ្រោងបំពាក់ឧបករណ៍ បរិក្ខាវេជ្ជសាស្រ្ត និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យទំនើប សម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋយើង៕

Posted on: 04/30/2024 1:27:17 PM