ស.វ.ស រៀបចំប្រគល់វិញ្ញាបនបត្របបញ្ចប់ការសិក្សាជូននិស្សិតកម្មវិធីអន្តរជាតិថ្នាក់បរិញ្ញាបត្រឱសថសាស្រ្ត

ទីតាំងទី១ នៃស.វ.ស៖ ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាជូនដល់និស្សិតកម្មវិធីអន្តរជាតិ ថ្នាក់បរិញ្ញាបត្រឱសថសាស្រ្ត ៣ជំនាន់ផ្សេងគ្នា ក្រោមវត្តមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បេក្ខជន/នារីជ័យលាភី អាណាព្យាបាល និងនិស្សិតប្រមាណ៤០០នាក់។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។ ក្នុងនោះ ក៏មានវត្តមានឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្ត្រ លោកស្រី TRAN Thi Anh-Dao តំណាងស្ថានទូតបារាំងនៅប្រទេសកម្ពុជា លោក Ashley Irving នាយកមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល (ACE)។ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានវាយតម្លៃខ្ពស់ប្រកបដោយភាពមោទនៈ ដល់និស្សិតជ័យលាភី ដែលបានខិតខំសិក្សាក្នុងកម្មវិធីអន្តរជាតិរហូតទទួលបានជោគជ័យ និងការគាំទ្រពីសំណាក់អាណាព្យាបាលនិស្សិតគ្រប់ៗរូប។ ឯកឧត្តមសាកលវិទ្យាធិការ បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវសាស្ត្រាចារ្យ គ្រូបង្រៀន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មហាវិទ្យាល័យឱសថសាស្រ្ត ដែលបានខិតខំរៀបចំ និងដំណើរការនូវកម្មវិធីអន្តរជាតិ ថ្នាក់បរិញ្ញាបត្រឱសថសាស្រ្តនេះប្រកបដោយគុណភាពប្រកបដោយនិរន្តរភាព។ បន្ថែមពីនោះ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញដល់មហាវិទ្យាល័យឱសថសាស្រ្ត បន្តអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលដើម្បីឈានទៅការទទួលស្គាល់គុណភាពបណ្តុះបណ្តាលក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាកាលានុវត្តភាពនិស្សិតជំនាន់ក្រោយ៕

Posted on: 03/18/2024 1:53:37 PM