ថ្នាក់ដឹកនាំនៃគម្រោងស្រាវជ្រាវ PigFluCam+ ពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីអង្គការ DTRA

ទីតាំងទី១ ស.វ.ស៖ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនៃគម្រោងស្រាវជ្រាវ PigFluCam+ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយប្រតិភូដែលអញ្ជើញមកពីអង្គការ Defense Threat Reduction Agency (DTRA) ប្រចាំតំបន់អាស៊ីអាគ្នេយ៍។កិច្ចពិភាក្សានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស និងជាសហប្រធាននៃគម្រោងស្រាវជ្រាវ “ការយល់ដឹងអំពីហានិភ័យនៃជំងឺទាក់ទងនឹងប្រព័ន្ធផលិតកម្មសត្វជ្រូកនៅកម្ពុជា” (PigFluCam+), ថ្នាក់ដឹកនាំនៃគម្រោងស្រាវជ្រាវ ដែលអញ្ជើញមកពីស្ថាប័នដូចជា London School of Hygiene and Tropical Medicine (LSHTM), National University of Singapore (DUKE-NUS), អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP), វិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ (NAHPRI) និង Livestock Development for Community Livelihood Organization (LDC) ជាមួយនឹងប្រតិភូមកពីអង្គការ DTRA ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការចូលរួមពីលោកស្រី Jessica Spencer, លោកស្រី Sam Shames, លោកស្រី Prabha Malamakal និងលោកបណ្ឌិត Um Bunna ។ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណ ដល់ដៃគូទាំងអស់ ជាសមាជិកនៃគម្រោងស្រាវជ្រាវ PigFluCam+ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយទទួលបានសមិទ្ធផលដ៏ល្អ តាមការគ្រោងទុក។កិច្ចប្រជុំនេះ ផ្តោតសំខាន់លើវឌ្ឍនភាពនៃគម្រោងស្រាវជ្រាវ PigFluCam+ សមិទ្ធផលដែលសម្រេចបានប្រចាំឆ្នាំ ២០២៣ និងការព្រៀងទុកផែនការងារសំខាន់ៗគោល សម្រាប់អនុវត្តនៅឆ្នាំ ២០២៤។ គួររំលឹកថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំអនុវត្តគម្រោងស្រាវជ្រាវ PigFluCam+ នេះ ដោយសហការជាមួយស្ថាប័នរៀបរាប់ខាងលើ ចាប់ពីឆ្នាំ២០១៩ មក។ គម្រោងនេះ មានគោលបំណងកំណត់អត្តសញ្ញាណនៃមេរោគគ្រុនផ្តាសាយដែលអាចកើតមានក្នុងប្រព័ន្ធផលិតកម្មសត្វជ្រូកនៅប្រទេសកម្ពុជា ក៏ដូចជាការកំណត់នូវចំណុចប្រសព្វ សំខាន់ៗនៃប្រព័ន្ធផលិតកម្ម ដែលអាចបង្កហានិភ័យក្នុងការចម្លងរោគពីសត្វទៅសត្វ និង ពីសត្វមកមនុស្ស ដែលការសិក្សានេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងការត្រៀមខ្លួនការពារទុកជាមុន សម្រាប់ប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺផ្លូវដង្ហើមក្នុងប្រទេសកម្ពុជា។

Posted on: 12/07/2023 1:17:55 PM