ស.វ.សរៀបចំ ពិធីប្រគល់វិញ្ញាបនបត្រ ”ការវាយតម្លៃគុណភាពខាងក្រៅនៃការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩" នៃគម្រោង "ការបង្កើនការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងតំបន់ Indo-Pacific"

ទីតាំងទី១ ស.វ.ស៖ ថ្ងៃពុធ ១៥ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ”ស.វ.ស” បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការវាយតម្លៃគុណភាពខាងក្រៅនៃការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ នៃគម្រោង "ការបង្កើនការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងតំបន់ Indo-Pacific" ជូនដល់មន្ត្រី បុគ្គលិកដែលអញ្ជើញមកពីស្ថាប័នរដ្ឋ និង ឯកជន ដែលបានចូលរួមអនុវត្តកម្មវិធីវាយតម្លៃគុណភាពខាងក្រៅនៃការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស និង លោកវេជ្ជ. គាម ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល។ ក្នុងនោះ  ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក សរុបចំនួន ១៦ រូប មកពីអង្គភាពចំនួន ០៥ រួមមានស.វ.ស, មន្ទីរពេទ្យបង្អែកអង្គស្នួល, មន្ទីរពេទ្យបង្អែកពញាឮ, មន្ទីរពហុព្យាបាលអន្តរជាតិខេមា និង មន្ទីរពេទ្យ-សម្ភព អរឃីដ កោះពេជ្រ។លោកបណ្ឌិត បូរី សុថ្ថាវីរៈ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យឱសថសាស្ត្របានបង្ហាញដោយសង្ខេបពីគោលបំណង និងលទ្ធផលនៃគម្រោងទាំងមូល និងជាពិសេស សកម្មភាពវាយតម្លៃគុណភាពខាងក្រៅនៃការធ្វើតេស្តកូវីដ-១៩ ដែលជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពទាំង ០៧ របស់គម្រោង។ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ តំណាងមន្ទីរសុខាភិបាលខេត្តកណ្តាល បានបង្ហាញនូវការពេញចិត្តចំពោះការចូលរួមក្នុងសកម្មភាពវាយតម្លៃគុណភាពខាងក្រៅនេះរបស់មន្ត្រី-បុគ្គលិក មន្ទីរពេទ្យបង្អែកអង្គស្នួល និងមន្ទីរពេទ្យបង្អែកពញាឮ។អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណដល់ក្រុមការងារ អ្នកចូលរួមទាំងអស់។ ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ បានលើកទឹកចិត្តឱ្យមានការរៀបចំការវាយតម្លៃគុណភាពខាងក្រៅនេះបន្តទៀត ជាមួយនឹងស្ថាប័នរដ្ឋ និងឯកជនទាំងអស់នាពេលខាងមុខ។ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រចូលរួមជូនដល់ស្ថាប័នទាំង ៥ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពវាយតម្លៃគុណភាពខាងក្រៅនេះ តាំងពីចាប់ផ្តើម រហូតដល់ទីបញ្ចប់ ប្រកបដោយភាពជោគជ័យ។គួររំព្ញកជូនថា គ្រប់មន្ទីរពិសោធន៍នៃមន្ទីរពេទ្យរដ្ឋ និងឯកជនដែលបានចូលរួមសកម្មភាពវាយតម្លៃគុណភាពខាងក្រៅនេះ បានទទួលនូវចំណេះដឹងថ្មីៗ និងចែករំលែកនូវបទពិសោធន៍ល្អៗ ក្នុងអំឡុងពេលការអនុវត្តសកម្មភាពនេះ ហើយចំណេះដឹង និងបទពិសោធន៍ទាំងអស់នេះ នឹងត្រូវបានប្រើប្រាស់ជាទុន សម្រាប់រៀបចំកម្មវិធីវាយតម្លៃគុណភាពខាងក្រៅ លើការធ្វើតេស្តផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែង នាពេលអនាគត៕

Posted on: 08/16/2023 5:04:51 PM