ថ្នាក់ដឹកនាំ IUHW ប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំស.វ.ស

ទីតាំងទី១ ស.វ.ស៖ រសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣, លោកសាស្រ្តាចារ្យ SUZUKI Yasuhiro នាយកសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានជម្រាបជូនលោកសាស្រ្តាចារ្យ SUZUKI Yasuhiro ពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស.វ.ស និង IUHW ពិសេសកាលានុវត្តភាពដល់និស្សិតស.វ.ស ១៧ រូប ទទួលអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតរយៈពេល៦ឆ្នាំទៅសិក្សានៅ IUHW ប្រទេសជប៉ុន។ ឯកឧត្តមសាស្រ្តាចារ្យសង្ឃឹមថា IUHW នឹងពិនិត្យលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនេះ លើជំនាញសុខាភិបាលផ្សេងៗទៀត ក៏ដូចជាការចូលរួមលើការរៀបចំសន្នីសិទអន្តរជាតិផ្សេងៗ។លោកសាស្រ្តាចារ្យ SUZUKI Yasuhiro បានសំដែងការអរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស.វ.ស លើកិច្ចសហការកន្លងមក និងការសម្របសម្រួលនិស្សិត IUHW មកធ្វើកម្មសិក្សានៅប្រទេសកម្ពុជា។ លោកសាស្រ្តាចារ្យនាយក បានលើកឡើងពីការផ្តល់ឱកាសអាហារូបករណ៍ផ្សេង ក្រៅពីផ្នែកវេជ្ជសាស្រ្តដល់និស្សិតស.វ.ស នាពេលខាងមុខ។ គួរជម្រាបថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" និង International University of Health and Welfare (IUHW) ប្រទេសជប៉ុន បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ កិច្ចសហការនេះហើយដែលផ្តល់ជាកាលានុវត្តភាពដល់និស្សិតស.វ.ស ទទួលអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍របស់និស្សិត នៃសាកលវិទ្យាល័យទាំងពីរ៕

Posted on: 08/15/2023 5:37:02 PM