ស.វ.ស ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោងសិក្សា អំពីការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងក្នុងសេវាថែទាំ និងព្យាបាល អ្នកផ្ទុកមេរាគអេដស៍ក្នុងប្រទេសកម្ពុជា

ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស”រៀបចំសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ នៃគម្រោងសិក្សា ស្តីពី ការចូលរួមរបស់សហគមន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងក្នុងវិស័យសុខាភិបាល ដើម្បីរក្សា អ្នកផ្ទុកមេរាគអេដស៍ក្នុងប្រទេសកម្ពុជាឲ្យស្ថិតក្នុងសេវាថែទាំ និងព្យាបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មកពីមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ, តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា, មជ្ឈមណ្ឌលជាតិកំចាត់រោគ របេង និង ហង់សិន និងភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៥០រូប។សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃស.វ.ស។ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស បានគារវកិច្ច និង ស្វាគមន៍យ៉ាងកក់ក្ដៅជូនគណ:អធិបតី និងអង្គពីធីដែលបានចំណាយពេលវេលាមានតម្លៃអញ្ជើញចូលរួមក្នុងសិក្ខាសាលានាពេលនេះ។ ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការបានរាយការណ៍ដោយសង្ខេបអំពីលទ្ធផលនៃគម្រោងសិក្សាស្រាវជ្រាវនេះ ដែលជារួមបានបង្ហាញថាការប្រើប្រាស់នូវ tablet ជាឧបករណ៍បច្ចេកវិទ្យា សម្រាប់សម្រួលក្នុងការប្រាស្រ័យទាក់ទងរវាងអ្នកជំងឺ និង អ្នកផ្តល់សេវា និងការបណ្តុះបណ្តាលអំពីវិធីសាស្រ្តប្រាស្រ័យទាក់ទង រវាងអ្នកជំងឺ និងអ្នកផ្តល់សេវា ពិតជាអាចជួយធ្វើឱ្យមានភាពប្រសើរឡើង នូវការប្រើប្រាស់សេវា ព្យាបាលមេរោគអេដស៍ (Access to HIV care services)។ អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ បានលើកឡើងថា គម្រោងនេះមួយផ្នែកជាការជំរុញនូវទំនើបកម្មក្នុងការផ្តល់សេវាក្នុងវិស័យសុខាភិបាល ស្របតាមគោលនយោបាលរដ្ឋាភិបាលឌីជីថល របស់ប្រទេសកម្ពុជា។ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកទឹកចិត្ត ដល់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអង្គភាពចំណុះក្រសួងសុខាភិបាលផ្សេងៗទៀត បន្តសហការគ្នា ក្នុងការស្រាវជ្រាវដើម្បីជាប្រយោជន៍សម្រាប់ក្រសួងសុខាភិបាល ក្នុងការរៀបចំជាគោលនយោបាយ ឬអន្តរាគមន៍ផ្សេងៗទៀត។គួរជម្រាបថា គម្រោងស្រាវជ្រាវនេះ អនុវត្ត ដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយមានការសហការជាមួយ មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ចាប់ពីចុងឆ្នាំ២០២០ រហូតដល់ចុងឆ្នាំ២០២២ ដែលទទួលបានការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO)។ មន្ទីរពេទ្យ/គ្លីនិក ដែលមានសេវាព្យាបាលជំងឺអេដស៍ចំនួន០៨កន្លែង នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ បានចូលរួមអនុវត្តគម្រោងនេះ។

Posted on: 08/08/2023 5:45:06 PM