សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១,៣៩៦នាក់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់នៅសណ្ឋាគារសុខាភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ជារួមចំពោះវឌ្ឍនភាពក្នុងវិស័យសុខាភិបាល និងដោយឡែកចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។សម្តេចតេជោបានអបអរសាទរដល់និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃនេះ និងបានផ្តល់អនុសាសន៍ណែនាំដ៏ថ្លៃថ្លា ឱ្យបន្តខិតខំពង្រឹងសមត្ថភាពបច្ចេកទេសរបស់ខ្លួនជាប្រចាំ ព្រមទាំងអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយរក្សាបានកិត្តិនាមជា “កងទ័ពអាវស”។គួរជម្រាបថា ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សា ដោយ ជោគជ័យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានចំនួន ៣១,២០២ នាក់៕