មន្រ្តីរាជការ បុគ្គលិក និង និស្សិតស.វ.ស សរុបចំនួន ២,១៥៧ នាក់ ចូលរួមជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី
ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស.វ.សមានរៀបចំ "ពិធីសំណេះសំណាលជាមួយសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល" ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតស.វ.ស ប្រមាណ៣៥០នាក់។ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី។ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃស.វ.ស និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំស.វ.ស បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតីនាឱកាសនេះ។ ឯកឧត្តមសាកលវិទ្យាធិការ បានរាយការណ៍ពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលនៅស.វ.ស និងការចូលរួមយ៉ាងក្លៀវក្លារបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតស.វ.ស ក្នុងការងារសង្គម ពិសេសការងារស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម ក៏ដូចជាសកម្មភាពមនុស្សធម៌ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នាពេលនេះ។អញ្ជើញមានមតិក្នុងពិធីដ៍មានអត្ថន័យនេះ ឯកឧត្តម លេង ផាលី បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ចំពោះសមាជិក សមាជិការអង្គពិធីទាំងអស់។ ឯកឧត្តម លេង ផាលី បានរំលេចពីសក្តានុពល និងឧត្តមប្រយោជន៍កើតចេញពីការងារស្ម័គ្រចិត្តនេះ តាមរយៈការឈ្លេចយកនូវបទពិសោធន៍ជាក់ស្តែងនៃសកម្មភាពការងារ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ បន្ថែមពីនោះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈដ៍ប្រពៃនៃការចូលរួមសកម្មភាពមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកពីស.វ.ស។គួរជម្រាបជូនថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាឱកាសដែលឯកឧត្តមប្រធាន បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតស.វ.ស សរុបចំនួន ២,១៥៧ នាក់ បានស្ម័គ្រចិត្ត ចូលជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី៕