សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានទទួលស្វាគមន៍ប្រតិភូ មកពីសាកលវិទ្យាល័យ Hiroshima

នាថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) តំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស បានធ្វើបដិសណ្ឋាកិច្ចស្វាគមន៍ និងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យ Hiroshima ដឹកនាំដោយសាស្រ្តាចារ្យ Kotaro Tanimoto ព្រឹទ្ធបុរសមហាវិទ្យាល័យទន្តសាស្រ្ត។លោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ Hiroshima ដែលបានសហការយ៉ាងល្អ ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាពេលកន្លងមក ដោយបានផ្តល់ជាអាហារូបករណ៍ និងផ្តល់ឱកាសឱ្យនិស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសិក្សា ដកស្រង់បទពិសោធន៍ នៅសាកលវិទ្យាល័យ Hiroshima។ លោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា ក៏បានស្នើសុំសាកលវិទ្យាល័យ Hiroshima ពង្រីកការសហការនេះបន្ថែមទៀត ដោយស្នើសុំផ្តល់ជាគ្រូ ឬទីប្រឹក្សាជំនាញ ដើម្បីបង្រៀនកម្មវិធីអន្តរជាតិ ផ្នែកទន្តវទនសាស្រ្ត ដែលគ្រោងនឹងដំណើរការនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក៏ដូចជាដើម្បីជួយផ្តល់ជាធាតុចូលក្នុងការកែលម្អកម្មវិធីបណ្តុះបណ្តាលផ្នែកទន្តវទនសាស្រ្ត ផ្តោតលើសមត្ថភាព។លោកសាស្រ្តាចារ្យ Kotaro Tanimoto បានបង្ហាញពីភាពពេញចិត្តលើការសហការយ៉ាងល្អរវាងស្ថាប័នទាំងពីរ នាពេលកន្លងមក និងបានគាំទ្រពង្រីកការសហការបន្ថែមទៀត ដើម្បីជាប្រយោជន៍ នៃស្ថាប័នទាំងពីរ។គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិដ៏ល្អ រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យ Hiroshima គិតមកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបញ្ជូននិស្សិតផ្នែកទន្តវទនសាស្រ្ត ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យ Hiroshima បានចំនួន ២៦ នាក់ (រយៈពេល ០៤ ឆ្នាំ ចំនួន ០៩ នាក់ រយៈពេល ៦ ខែចំនួន ០៧ នាក់ និង រយៈពេល ១០ ថ្ងៃ ចំនួន ១០ នាក់) និស្សិតផ្នែកវេជ្ជសាស្រ្ត បន្តការសិក្សាថ្នាក់បណ្ឌិត ចំនួន ០៣ នាក់ និងនិស្សិតផ្នែកគិលានុបដ្ឋាក បន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ០១ នាក់៕

Posted on: 03/03/2023 6:18:53 PM