រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាវាគ្មិនកិត្តិយសផ្តល់បាឋកថានៅស.វ.ស
ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” ប្រមាណ ៣៥០នាក់ បានចូលរួមស្តាប់នូវបាឋកថា “ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ”។ពិធីនេះបានប្រព្រឹត្រ្តទៅដោយមានការផ្តល់កិត្តិយសដ៍ឧត្តុង្គឧត្តមអញ្ជើញជាវាគ្មិនកិត្តិយសពីសំណាក់ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស បានសម្តែងនូវគារវកិច្ច និងជម្រាបជូនអង្គពិធីពីប្រវត្តិ និងដំណើការអភិវឌ្ឍរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅគោរពជូនឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញមកធ្វើបាឋកថា ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ក្នុងឱកាសនោះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់គណៈគ្រប់គ្រងស.វ.ស មន្រ្តីរាជការ បុគ្គលិក និងនិស្សិត ស.វ.ស។ អញ្ជើញថ្លែងក្នុងបាឋកថា ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗ រួមមាន៖ ១) ភាពជាអ្នកដឹកនំានិងនវានុវត្តន៍ ២) គុណាធិបតេយ្យ ៣) កំណែទម្រង់រដ្ឋបាលសាធារណៈ និង ៤) តួនាទីរបស់រដ្ឋាភិបាល ជាអាទិ៍រដ្ឋាភិបាលឌីជីថល ដោយបានឆ្លុះបញ្ចាំងនូវបទពិសោធន៍ជាក់ស្តែងលើការងារដឹកនាំវិស័យសាធារណៈ ជាពុទ្ធិសម្រាប់ការស្រាវជ្រាវយកទៅអនុវត្តជាក់ស្តែង ដើម្បីបំពេញភារកិច្ចការងារឱ្យបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈានឆ្ពោះទៅសម្រេចឱ្យបាននូវឧត្ដមប្រយោជន៍ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតតាមរយៈតួនាទីរបស់ខ្លួន នៅស.វ.ស។ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងគូសបញ្ជាក់ច្បាស់ពីមគ្គុទេ្ទសភាពដ៏ឈ្លាសវៃ និងថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដែលនាំមកនូវភាពជោគជ័យ ក្នុងការអភិវឌ្ឍប្រទេសរហូតមកដល់សព្វថ្ងៃ៕