ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍គន្លឹះជូន សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ទីតាំងទី១ ស.វ.ស៖ ថ្ងៃពុធ ១២រោច ខែបុស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ.ក.” ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប្រមាណជាង ៣០០នាក់ បានទទួលកិត្តិយសចូលរួមពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។លោកសាស្ត្រាចារ្យជំនួយ អៀង រ័ត្នមុនី បានអាននូវរបាយការណ៍ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ យុវជនស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានថែ្លងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីនេះ។ ឯកឧត្តមសាកលវិទ្យាធិការបានជម្រាបជូនអង្គពិធីពីប្រវត្តិ និង ដំណើរការនៃការចូលរួមសកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលសកម្មភាពទាំងនោះ បានចូលរួមចំណែកជួយដល់និស្សិតដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ ក្នុងការពង្រឹងសមត្ថភាពទាំងជំនាញរឹង និងជំនាញទន់បន្ថែមពាក់ព័ន្ធនឹងការងារទំនាក់ទំនង ការដោះស្រាយបញ្ហា ការដឹកនាំ ការចូលរួមការងារសហគមន៍ ការរៀបចំសិក្ខាសាលា និងការចូលរួមរៀបចំព្រឹត្តការណ៍នានា។អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងសូមអរគុណចំពោះប្អូនៗនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានស្ម័គ្រចិត្តចូលរួមជាមួយនឹងក្រុមគ្រួសារស.ស.យ.ក.។ ឯកឧត្តមប្រធាន បានលើកឡើងពី ប្រវត្តិនៃសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអត្ថន័យខ្លឹមសារនៃនិមិត្តសញ្ញា របស់ស.ស.យ.ក.។ បន្ថែមពីនោះ ឯកឧត្តមប្រធាន បានចែករំលែកនូវមេរៀនជីវិតពិតរបស់ឯកឧត្តមផ្ទាល់ រួមទាំងការផ្តល់នូវអនុសាសន៏ជាគន្លឹះសំខាន់ៗនានា ដើម្បីជាមគ្គុទេសន៍ និងជាត្រីវិស័យសម្រាប់ប្អូនៗជាសមាជិក សមាជិកា របស់ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានពន្យល់ជូនអំពីយុទ្ធសាស្ត្រ 3Cs ដែលតំណាងឱ្យ C1: ប្រជាជនខ្មែរតែមួយ (Cambodianess) C2: ប្រជាជនប្រកបដោយសមត្ថភាព (Competency) C3: ប្រជាជនពោរពេញដោយធម៌ (Compassion)។ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ និងចុះហត្ថលេខាលើសៀវភៅ “ក្តីសង្ឃឹម ហ៊ុន ម៉ានី” ជូននិស្សិតចូលរួម ។សូមជម្រាបផងដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ បានបញ្ចូលសមាជិក សមាជិកាស.ស.យ.ក ជាមន្រ្តី បុគ្គលិក ចំនួន ៨១ នាក់ និងសមាជិក សមាជិកាស.ស.យ.ក ជានិស្សិត ចំនួន ៣,១៥២ នាក់ ស្មើនឹង៥០,៧៧ % នៃនិស្សិតសរុប នៅស.វ.ស៕