ថ្នាក់ដឹកនាំស.វ.ស ទទួលជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៏ IUHW និងក្រុមគ្រួសារ

ទីតាំងទី១៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមគ្រួសារ និងនិស្សិតស.វ.ស ដែលទទួលបានអាហារូបករណ៏ពី International University of Health and Welfare (IUHW) នៃប្រទេសជប៉ុន រួមមាន និស្សិត សាយ គឺមឡុង, នៅ កល្យាណី, ស្រ៊ុន ស៊ីវឡាង, ឃី គីមលាង និង ឡេង ប៊ុនថៃ បានអញ្ជើញជួបសម្តែងការគួរសមចំពោះថ្នាក់ដឹកនាំស.វ.ស មុននឹងចេញទៅសិក្សានៅប្រទេសជប៉ុន។ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស បានសំដែងនូវការអបអរសាទរ និងកោតសសើរចំពោះជ័យលាភី ដែលបានទទួលជោគជ័យក្នុងដំណាក់កាលជ្រើសរើសដ៏ហ្មត់ចត់ និង តម្លាភាព ដោយមានដំណាក់កាលវិនិច្ឆ័យដោយគណៈកម្មការជ្រើសរើសស.វ.ស និង ដំណាក់កាលប្រឡងវាស់សមត្ថភាពនិងសម្ភាសន៍ផ្ទាល់ដោយ International University of Health and Welfare (IUHW) នៃប្រទេសជប៉ុន។ ឯកឧត្តមសាកលវិទ្យាធិការ បានរំព្ញកឡើងវិញអំពីសារបាន នៃការផ្តល់អាហារូបករណ៍នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងទស្សនៈចក្ខុវិស័យវែងឆ្ងាយពីសំណាក់ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃស.វ.ស ទើប អាចផ្តល់នូវកាលានុវត្តភាពជូននិស្សិតកម្ពុជា ដែលសិក្សានៅស.វ.ស អាចទៅសិក្សាផ្នែកវេជ្ជសាស្រ្តនៅប្រទេសជប៉ុន។ឯកឧត្តមសាកលវិទ្យាធិការ បានណែនាំដល់និស្សិតជ័យលាភី ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា កុំភ្លេចអំពីអត្តសញ្ញាណជាតិខ្មែរ និងជានិស្សិតនៃស.វ.ស ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីសមត្ថភាពនិស្សិតកម្ពុជា ក្រោមបរិបទប្រកួតប្រជែងក្នុងចំណោមនិស្សិតអន្តរជាតិ និងដើម្បីជាគំរូដល់និស្សិតជំនាន់ក្រោយ។ ជាចុងក្រោយ ឯកឧត្តមសាកលវិទ្យាធិការបានក្រើនរំព្ញក បន្ទាប់ពីបញ្ចប់ការសិក្សា ត្រូវពាំនាំចំណេះដឹងដែលទទួលបានមកបម្រើប្រជាពលរដ្ឋខ្មែរ ដោយត្រឡប់មកបម្រើការងារនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវេជ្ជសាស្ត្រនៅមាតុភូមិកម្ពុជាវិញ។នាឱកាសនោះ អាណាព្យាបាលរបស់និស្សិតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ស.វ.ស ដែលបានខិតខំខ្នះខ្នែងឱ្យនិស្សិតខ្មែរទទួលបាននូវឱកាសទៅសិក្សានៅប្រទេសជប៉ុន។ គួរជម្រាបផងដែរថា គិតចាប់តាំងពីឆ្នាំ២០១៧មក និស្សិតស.វ.ស សរុបចំនួន ១៧រូប ទទួលបានអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតរយ:ពេល ៦ឆ្នាំទៅសិក្សានៅ International University of Health and Welfare (IUHW) នៃប្រទេសជប៉ុន៕

Posted on: 11/30/2022 2:32:44 PM