ស.វ.ស រៀបចំពិធី"ប្រគល់-ទទួល Tablets ១០០គ្រឿង" ពីសាកលវិទ្យាល័យ Kagawa ប្រទេសជប៉ុន

ភ្នំពេញ៖ ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីតាំងទី១ ស.វ.ស មានរៀបចំពិធី "ប្រគល់-ទទួល Tablet ១០០គ្រឿង" ជាអំណោយរបស់ BHN Telecom Association តាមរយៈ សាកលវិទ្យាល័យ Kagawa នៃប្រទេសជប៉ុន មកកាន់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" តាមប្រព័ន្ធ Online។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស លោកសាស្រ្តាចារ្យ Yoshiyuki Kakehi, សាកលវិទ្យាធិការនៃ Kagawa University និង Mr. Hachihei Kurematsu, Senior Vice-President of NGO BHN Telecom Association។ លោកសាស្រ្តាចារ្យ Yoshiyuki Kakehi បានលើកឡើងពីទំនាក់ទំនងដ៏ល្អដែលស.វ.សមានជាមួយនឹងសាកលវិទ្យាល័យ Kagawa នាពេលកន្លងមក។ លោកសាស្រ្តាចារ្យរំពឹងថានឹងមានការផ្លាស់ប្តូរនិស្សិត មន្រ្តី របស់សាកលវិទ្យាល័យទាំងពីរ ក្រោយការធូស្រាលនៃស្ថានភាពរាតត្បាតមេរោគកូវីដ-១៩ នាឆ្នាំបន្ទាប់។ លោកសាស្រ្តាចារ្យ Yoshiyuki Kakehi សង្ឃឹមថា Tablet ១០០គ្រឿងដែលជាអំណោយនាពេលនេះ នឹងជួយបង្កើនប្រសិទ្ធភាពមួយកម្រិតទៀតនៃការបណ្តុះបណ្តាល ការស្រាវជ្រាវតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដល់ស.វ.ស។អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណលោកសាស្រ្តាចារ្យ Yoshiyuki Kakehi ចំពោះគំនិតផ្តួចផ្តើមដ៏ជាក់លាក់ក្នុងការសហការជាមួយនឹងស.វ.ស និងការចូលរួមផ្តល់ Tablets នាពេលនេះ។ ឯកឧត្តមសាស្រ្តាចារ្យបានលើកពីសារៈសំខាន់នៃអំណោយ Tablets នេះ ដែលនឹងចូលរួមចំណេកក្នុងការធ្វើទំនើបកម្ម ការសិក្សារៀនសូត្រ ការបង្រៀន និងការស្រាវជ្រាវនៅស.វ.ស ហើយក៏ជាតម្រូវការយ៉ាងសំខាន់ ក្នុងសម័យឌីជីថលនេះ ទោះក្រោយស្ថានភាពកូវីដ-១៩ បានធូរស្រាលហើយក្តី។ ឯកឧត្តមសាកលវិទ្យាធិការបានសំដែងនូវការអរគុណចំពោះសាស្រ្តាចារ្យ Masaaki Tokuda និង BHN Telecom Association។ ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងជំនឿជាក់ថា គម្រោងសហការនានារវាងស.វ.ស និងសាកលវិទ្យាល័យ Kagawa នឹងទទួលលទ្ធផលគាប់ប្រសើរ៕

Posted on: 11/30/2022 2:27:35 PM