ជំនួបថ្នាក់ដឹកនាំស.វ.ស និង SEAOHUN

នាព្រឹក ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS) រួមនិងក្រុមការងារនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប តំណាងដោយ លោកបណ្ឌិត ផេង វុត្ថា នាយករង នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសាស្រ្តាចារ្យ Vipat Kuruchittham នាយកប្រតិបត្តិនៃ Southeast Asia One Health University Network (SEAOHUN) និងសហការី។ (=>English: https://www.linkedin.com/company/uhsedukh)កិច្ចពិភាក្សាបានផ្តោត លើដំណើរការ និងចក្ខុវិស័យ ទៅថ្ងៃអនាគត របស់បណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (CAMBOHUN)។ នាឱកាសនោះ លោកសាស្រ្តាចារ្យ Vipat Kuruchittham បានសំដែងការរីករាយ ចំពោះវឌ្ឍនភាព នៃបណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (CAMBOHUN)។ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានស្នើឱ្យមានការគាំទ្របន្ថែមដល់បណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (CAMBOHUN) ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស លើផ្នែកសុខភាពតែមួយ ក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ថា បណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (CAMBOHUN) នេះជា សមាជិក របស់ Southeast Asia One Health University Network (SEAOHUN) ។ មកដល់ពេលនេះ បណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (CAMBOHUN) មានស្ថាប័នបណ្តុះបណ្តាលសាធារណៈនៅកម្ពុជា ចំនួន ០៥ ជាសមាជិក ដែលក្នុងនោះ មានសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បណ្តាញ Southeast Asia One Health University Network (SEAOHUN) បានជួយគាំទ្រ បណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (CAMBOHUN) លើការងារពង្រឹងសមត្ថភាព មន្រ្តី បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងការផ្តល់ជាថវិកាឧបត្ថម្ភគម្រោងស្រាវជ្រាវ របស់និស្សិត ដើម្បីផ្តួចផ្តើម បណ្តុះគំនិតស្រាវជ្រាវ ជូននិស្សិត នៅតាមសាកលវិទ្យាល័យជាសមាជិក។

Posted on: 05/10/2022 2:10:00 PM