ជំនួបថ្នាក់ដឹកនាំ ជាមួយអង្គការ Douleurs Sans Frontières

នាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានទទួលជួបពិភាក្សា ជាមួយអង្គការ Douleurs Sans Frontières, Cambodia តំណាងដោយកញ្ញា Charlotte MONJOU, Country Director។ នៅក្នុងជំនួបនេះ អង្គប្រជុំ បានពិភាក្សាផ្តោតលើកិច្ចសហបត្រិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងកម្រិតរយៈពេលឆាប់ៗខាងមុខ រយៈពេលមធ្យម និងរយៈពេលវែង លើការងារបណ្តុះបណ្តាល ការកែសម្រួលកម្មវិធីសិក្សា ការរៀបចំការបណ្តុះបណ្តាលតាមបែបអន្តរវិជ្ជាជីវៈទាក់ទងនឹងការគ្រប់គ្រប់ភាពឈឺចាប់ (Pain management), palliation និង ការថែរក្សាអ្នកជំងឺតាមផ្ទះ(Home care) ជាដើម។ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណ ដល់អង្គការ Douleurs Sans Frontières, Cambodia ដែលកន្លងមក បានជួយបណ្តុះបណ្តាលនិស្សិតកម្មវិធីអន្តរជាតិ នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានជំរុញឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែទូលំទូលាយ ជាពិសេស លើការបណ្តុះបណ្តាល មិនត្រឹមតែនិស្សិតកំពុងសិក្សាមុនពេលបំរើការងារ ប៉ុន្តែពង្រីកកិច្ចសហការនេះ លើការបណ្តុះបណ្តាលបន្ត ការកែសម្រួលកម្មវិធីសិក្សា ព្រមទាំងបណ្តុះបណ្តាលនិស្សិត លើជំនាញផ្សេងៗ តាមបែបអន្តរវិជ្ជាជីវៈ (Inter Professional Education) ដើម្បីពួកគាត់អាចធ្វើការរួមគ្នា នៅពេលផ្តល់សេវាជូនអ្នកជំងឺ ជាពិសេសសម្រាប់ចក្ខុវិស័យវែងឆ្ងាយ សហការបង្កើតមជ្ឈមណ្ឌលឧត្តមភាព (Excellence Center) ផ្នែក Pain management និង palliation បម្រើការងារស្រាវជ្រាវ និងបណ្តុះបណ្តាល។ គួររំលឺកថា ចាប់តាំងពីឆ្នាំ២០១៨ មក អង្គការ Douleurs Sans Frontières, Cambodia បានជួយផ្តល់សាស្រ្តាចារ្យមួយចំនួន មកជួយបង្រៀននិស្សិតកម្មវិធីអន្តរជាតិ វេជ្ជសាស្រ្ត ចំនួន ០៣ ជំនាន់ សរុប ១០៤ នាក់ រួចមកហើយ។

Posted on: 05/10/2022 2:06:14 PM