ពិធីចុះហត្ថលេខាលើ”សេចក្តីប្រកាសគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាងស្ថានទូតបារាំង និងស.វ.ស”

(ស្ថានទូតបារាំង)៖ នាព្រលប់ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ មានរៀបចំចុះហត្ថលេខាលើ”សេចក្តីប្រកាសគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាងស្ថានទូតបារាំង និងស.វ.ស”។ពិធីនេះបានធ្វើឡើងនៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស និងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត។ ជាមួយគ្នានោះ ក៏មាននូវវត្តមានភ្ញៀវជាតិ អន្តរជាតិ រួមទាំងនិស្សិតស.វ.ស ដែលបានទទួលអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេស DFMS/DFMSA ទើបត្រលប់មកពីធ្វើកម្មសិក្សានៅប្រទេសបារាំងវិញ។សេចក្តីប្រកាសគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាងស្ថានទូតបារាំង និងស.វ.សនេះ នឹងផ្តល់នូវការលើកកម្ពស់ភាពជាដៃគូ របស់បារាំងជាមួយនឹងស.វ.ស សម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្លាស់ប្តូរសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និស្សិត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហការរៀបចំព្រឹត្តិការណ៍នានាផងដែរ។ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសំដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប់ចំណាត់ទី៤ ដែលមាននិស្សិតវេជ្ជសាស្រ្ត ចុះកម្មសិក្សាច្រើន នៅប្រទេសបារាំង។ឯកឧត្តមសាស្រ្តាចារ្យ សាកលវិទ្យាធិការ បានថ្លែងអំណរគុណ ចំពោះស្ថាប័នបារាំងនានា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានសហការយ៉ាងល្អ ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងផ្តល់សមិទ្ធផលប្រកបដោយផ្លែផ្កា។គួររំព្ញកជូនថា ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២០ មាននិស្សិតវេជ្ជសាស្រ្តស.វ.ស (ផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស) សរុបចំនួន ៩០៣ នាក់ហើយ បានបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។ នាឆ្នាំ២០២១ថ្មីៗនេះ និស្សិតស.វ.ស ចំនួន ៥៨នាក់ នឹងចុះកម្មសិក្សានៅ តាម ២១ មន្ទីរពេទ្យនៃគ្រឹះស្ថានបណ្តុះបណ្តាលល្បីៗនៅប្រទេសបារាំង៕

Posted on: 01/14/2022 8:53:56 AM