Deprecated: Function get_magic_quotes_gpc() is deprecated in /home/customer/www/uhs.edu.kh/public_html/includes/database.php on line 28
UHS WEBSITE

និស្សិតស.វ.ស ៣រូបទៀត នឹងទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតប្រទេសជប៉ុន រយៈពេល៦ឆ្នាំ


ថ្ងៃសុក្រ ៥កើត ខែមិគសិរឆ្នាំជូត ទោស័ក, ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងទី១ នៃស.វ.ស ឯកឧត្តមសាស្ត្រាចារ្យរង ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការរងតំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃស.វ.ស រួមជាមួយលោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរង បានទទួលជួបសំណេះសំណាលជាមួយនិស្សិត ប៊ុង សុវណ្ណរតនា និស្សិត ងួន សិរីវឌ្ឍនា និងនិស្សិត មុំ ធានវីន និងក្រុមគ្រួសារ ជាជ័យលាភីអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ International University of Health and Welfare (IUHW) ប្រទេសជប៉ុន ក្រោមកិច្ចសហប្រតិបត្តិការរវាងស.វ.ស និង IUHW។

ក្នុងឱកាសកិច្ចសំណេះសំណាលនេះ ឯកឧត្តមសាស្ត្រាចារ្យរង ហង្ស ច័ន្ទវរៈ បានសំដែងនូវការអបអរសាទរ និងកោតសសើរចំពោះ និស្សិតជ័យលាភីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានស.វ.ស ដែលទទួលបានជោគជ័យក្នុងដំណាក់កាលជ្រើសរើសដ៏ហ្មត់ចត់ និង តម្លាភាព ដែលវិនិច្ឆ័យដោយគណៈកម្មការជ្រើសរើសរបស់ស.វ.ស និង ការធ្វើតេស្តនិងសម្ភាសន៍ផ្ទាល់ដោយភាគី IUHW។

ឯកឧត្តមសាកលវិទ្យាធិការរង បានមានប្រសាសន៍ណែនាំដល់និស្សិតជ័យលាភីត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ជាំងពីសមត្ថភាពនិស្សិតខ្មែរ ក្រោមបរិបទប្រកួតប្រជែងក្នុងចំណោមនិស្សិតអន្តរជាតិ និងដើម្បីជាគំរូដល់និស្សិតជំនាន់ក្រោយ។ ឯកឧត្តមសាកលវិទ្យាធិការរងសង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សានិស្សិតជ័យលាភីនឹងពាំនាំចំណេះដឹងមកបម្រើពលរដ្ឋខ្មែរយើង និងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវេជ្ជសាស្ត្រនៅមាតុភូមិកម្ពុជាវិញ។

សូមរំព្ញកឡើងវិញថា តាមការចង្អុលបង្ហាញ និង ការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទើបជំរុញអោយមានកិច្ចសហការតាមរយ:អនុស្សរណ:យោគយល់គ្នាររវាង ស.វ.ស និង International University of Health and Welfare (IUHW) ប្រទេសជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ កិច្ចសហការនេះហើយដែលផ្តល់ជាកាលានុវត្តភាពដល់និស្សិត ស.វ.ស មានឱកាសចូលរួមប្រកួតប្រជែងទៅសិក្សា ចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះ និងទទួលអាហារូបករណ៍រយ:ពេលខ្លី និងរយ:ពេលវែងជាបន្តបន្ទាប់។

ជាសរុប និស្សិតដែលបានទទួលអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ International University of Health and Welfare (IUHW) គិតពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្នមានចំនួន ១០រូបហើយ។

Posted on: 11/24/2020 3:07:30 PM