គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ត្រូវបានបំពាក់ជូនលោកសាស្រ្តាចារ្យ Lincoln Chen ប្រធានមូលនិធិ China Medical Board

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩ នៅទីតាំងទី១ នៃស.វ.ស មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ជូនលោកសាស្រ្តាចារ្យ Lincoln Chen ប្រធានមូលនិធិ China Medical Board ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់អញ្ចើញជាអធិបតីភាពពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានសម្តែងនូវគារៈកិច្ចគោរព និងបានរាយការណ៍សង្ខេបពីសកម្មភាព និងស្នាដៃសំខាន់ៗ របស់លោកសាស្រ្តាចារ្យ Lincoln Chen ជូនគណៈអធិបតី និងអង្គពិធី។

អញ្ចើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរដោយស្មោះដល់លោកសាស្រ្តាចារ្យ Lincoln Chen ប្រធានមូលនិធិ China Medical Board ដែលបានខិតខំប្រឹងប្រែងផ្តល់នូវជំនួយថវិកា និងបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានជាតិសុខភាព សាធារណៈ និងក្រសួងសុខាភិបាលក្នុងរយៈពេល ១០ឆ្នាំ កន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យបានបញ្ជាក់ថា ការផ្តល់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ជូនលោកសាស្រ្តាចារ្យ Lincoln Chen នាពេលនេះ គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តដល់លោកសាស្រ្តាចារ្យ ដែលបានខិតខំប្រឹងប្រែងជួយដល់ការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដែលជាអាទិភាពយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានសុខភាពសាធារណៈ និង China Medical Board។

គួរជម្រាបផងដែរថា លោកសាស្រ្តាចារ្យ Lincoln Chen បានផ្តល់នូវការគាំទ្រ និងផ្តល់នូវជំនួយតាមរយៈមូលនិធិ China Medical Board នូវថវិកា និងជំនួយបច្ចេកទេសសម្រាប់ការរៀបចំ និងតាមដានអនុវត្តផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៣-២០១៨ របស់ស.វ.ស និងការពង្រឹងគុណភាពផ្ទៃក្នុង ជាពិសេសការកែទម្រង់ក្នុងការបណ្តុះបណ្តាលវិស័យសុខាភិបាលនៅ ស.វ.ស ទៅជាការបណ្តុះបណ្តាលដែលយកសមត្ថភាពជំនាញជាគោល។

Posted on: 01/15/2020 3:58:53 PM