ស.វ.ស ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទវិទ្យាសាស្រ្តថែទាំឆ្នាំ២០១៩

By: Media | Posted on: 07/17/2019 4:51:09 PM

(ភ្នំពេញ)៖ ថ្ងៃពុធ ១ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៩ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” មានរៀបចំសន្និសីទវិទ្យាសាស្រ្តថែទាំឆ្នាំ២០១៩ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យ EWHA នៃសាធារណរដ្ឋកូរ៉េ ក្រោមវត្តមាន ដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
និងជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស និងឯកឧត្តម Nakyoung Oh ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទនេះមានវត្តមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល
សមាជិកក្រុមប្រឹក្សាភិបាលស.វ.ស, តំណាង KOICA ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាង Ewha Womans University, សមាគមគិលានុបដ្ឋាកកម្ពុជា វាគ្មិន ភ្ញៀវជាតិ-អន្តរជាតិ, មន្រ្តីរាជការ បុគ្គលិក និងអតីតនិស្សិត/និស្សិតស.វ.សប្រមាណជាង៣០០នាក់។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស សម្តែងនូវការគោរព និងស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរូមក្នុងពិធីបើកសន្និសីទនេះ។ ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ បានលើកឡើងពីគោលបំណងសំខាន់របស់សន្និសីទដើម្បីចែករំលែកចំណេះដឹងថ្មីៗ អំពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រថែទាំ ចែករំលែកបទពិសោធន៍ល្អៗ ទាក់ទងនឹងការ​ បណ្តុះ​បណ្តាល ​និងការអនុវត្តវិទ្យា​សាស្រ្ត​​ថែទាំ និងផ្តល់​ឱកាស​ពង្រឹងសមត្ថភាពនិស្សិត
និងគ្រូបង្រៀន​ដែលមាន​អាជីព​ជំនាញ​គិលានុបដ្ឋាកផងដែរ។

លោកស្រីសាស្រ្តាចារ្យ Sook Ja Yang តំណាងEwha Womans University បានលើកឡើងថា សាកលវិទ្យាល័យ Ewha Womans និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសម្រេច សមិទ្ធិផលមួយចំនួនក្នុងនោះរួមមាន ការអនុវត្តកម្មវិធីថ្នាក់បរិញ្ញាបត្រ ការផ្តល់មូលនិធិគាំទ្រ ដល់កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកថែទាំនិងកិច្ច​ខិតខំប្រឹងប្រែងក្នុងការងារស្រាវជ្រាវ ផ្នែកថែទាំនៅកម្ពុជា។
លើសពីនេះ ទៀតយើងមិនអាចសម្រេចកិច្ចការនេះបានដោយគ្មានការ គាំទ្រពី KOICA និងមន្រ្តីរដ្ឋាភិបាលកម្ពុជាឡើយ។
លោកស្រីសាស្រ្តាចារ្យបានសង្កត់ធ្ងន់ថា ភាពជាដៃគូរបស់សាកលវិទ្យាល័យEwha​ Womans និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
គឺតំណាងឲ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសកូរ៉េ និងកម្ពុជា ហើយយើងជឿជាក់ថា ភាពជាដៃគូនេះបានផ្តល់ជាឱកាសសម្រាប់
ប្រទេសទាំងពីរក្នុងការរីកចម្រើនទៅមុខរួមគ្នាលើផ្នែកថែទាំសុខភាពនៅកម្ពុជាដែរ។

ឯកឧត្តម Nakyoung Oh ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា សន្និសីទវិទ្យាសាស្រ្តថែទាំនឹងក្លាយជាឱកាសសំខាន់នៅក្នុងការពង្រឹងសមត្ថភាពរបស់អ្នកជំនាញការថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលស.វ.ស បានលើកឡើងថា “ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាមានការវិវឌ្ឍគ្រប់វិស័យ។ ក្នុងនោះ វិស័យសុខាភិបាលក៏សម្រេចបានជោគជ័យសំខាន់ៗផងដែរ”។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរចំពោះសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ​សាកលវិទ្យាល័យ EWHA នៃសាធារណរដ្ឋកូរ៉េ និងសមាគមគិលានុបដ្ឋាកកម្ពុជាដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ។ បន្ថែមពីនោះ ឯកឧត្តមសាស្រ្តាចារ្យបញ្ចាក់ថា សន្និសីទនាថ្ងៃនេះ បានចូលរួមចំណែកជាមួយក្រសួងសុខាភិបាលក្នុងការពង្រឹងសមត្ថភាពបន្ថែមដល់សាស្រ្តាចារ្យ អ្នកប្រកបវិជ្ជាជីវៈថែទាំ
និងនិស្សិតក្នុងផ្នែកវិទ្យាសាស្រ្តថែទាំ ពង្រីកបាននូវតម្លៃនៃវិជ្ជាជីវៈព្រមទាំងជួយឲ្យប្រព័ន្ធសុខាភិបាលប្រទេសកម្ពុជា ឲ្យកាន់តែ​មានភាព​រីកចម្រើន​និងល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យបាន ថ្លែងអំណរគុណដល់សាកលវិទ្យាល័យ EWHA នៃសាធារណរដ្ឋកូរ៉េ និងអង្គការ KOICAដែលបានសហការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលរយៈពេល០៥ឆ្នាំកន្លងមកនេះ។

គួរជម្រាបថា ក្នុងរយៈពេល ២ថ្ងៃកន្លះនៃសន្នីសិទនេះ មានប្រធានបទបង្ហាញផ្ទាល់មាត់ និងជាផ្ទាំងបង្ហាញ Poster សរុបចំនួន ១៨
ព្រមទាំងមានសិក្ខាសាលា ចំនួន ០១ ស្តីពីការៀបចំសំណើគម្រោងស្រាវជ្រាវ។

ក្នុងរយៈពេល ០៥ ឆ្នាំ ចុងក្រោយនេះ(២០១៤-២០១៨) ស.វ.សបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកគិលានុបដ្ឋាកកម្រិត​បរិញ្ញាបត្ររង បានចំនួន ១,០៥៣ នាក់និងកម្រិតបរិញ្ញាបត្រ បានចំនួន ៧៥៣ នាក់។ សមិទ្ធផលទាំងនេះ បានកើតចេញមួយផ្នែកពីកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូនានា។ ជាក់ស្តែង ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយ EWHA ក្នុងរយៈពេល ០៥ ឆ្នាំកន្លងមកនេះ ស.វ.សទទួលបានបណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​គិលានុបដ្ឋាក​បណ្តុះបណ្តាលបន្ត ពីបរិញ្ញាបត្ររង បានចំនួន ២ ជំនាន់ រួចមកហើយ ដែលមាននិស្សិតសរុបចំនួន ៨៧ នាក់ក្នុងនោះមានអាហារូបករណ៍ពីអង្គការ KOICA ចំនួន ៧៥ នាក់។