ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “ទីតាំងផ្តល់ព័ត៌មាន Espace France” នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

By: Media | Posted on: 06/25/2019 2:04:25 PM

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៨ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “ទីតាំងផ្តល់ព័ត៌មាន Espace France” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងលោកជំទាវ Eva Nguyen Binh, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស បានសម្តែងនូវការគោរពនិង ស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះវត្តមានគណ:អធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងប្អូនៗនិស្សិត ស.វ.ស ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរូមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ “ទីតាំងផ្តល់ព័ត៌មាន Espace France” នាពេលនេះ។ ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការបានរាយការណ៍ជាសង្ខេបជូនគណៈអធិបតី និងអង្គពិធីអំពីកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងគោលបំណងនៃការបង្កើត “ទីតាំងផ្តល់ព័ត៌មាន Espace France” នេះនៅក្នុងបរិវេណសវស។
អញ្ចើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្តែងនូវការកោតសរសើរ និងអំណរសាទរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតឲ្យមានទីតាំងផ្តល់ព័ត៌មាននេះ នៅស.វ.ស ដែលបានផ្តល់នូវសារៈប្រយោជន៍យ៉ាងខ្លាំងក្នុងការលើកកម្ពស់ការសិក្សារបស់និស្សិត និងការប្រើប្រាស់ភាសាបារាំង នៅស.វ.ស។

ឯកឧត្តមសាស្រ្តាចារ្យសង្ឃឹមយ៉ាងមុតមាំថា “ទីតាំងផ្តល់ព័ត៌មាន Espace France” នេះ នឹងចូលរួមចំណែកជំរុញបន្ថែមទៀតនូវចំណូលចិត្តសិក្សាជាភាសាបារាំងរបស់និស្សិត និងបង្កើនចំនួននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទៅបន្តការសិក្សានៅប្រទេសបារាំង និងនៅតាមបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង ផ្សេងៗ កាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការក្រសួងសុខាភិបាល បានសំណូមពរដល់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតមេត្តាជួយដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបន្ថែមទៀត ការជំរុញឲ្យសាស្រ្តាចារ្យបារាំងមកជួយបង្រៀននិស្សិតនៅស.វ.ស និងការបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតឯកទេស (Bourses DFMS/DFMSA) ក៏ដូចជាអាហារូបករណ៍សម្រាប់និស្សិតវេជ្ជសាស្រ្ត ឱសថសាស្រ្តដែលកំពុងសិក្សាឲ្យមានឱកាសធ្វើកម្មសិក្សាខ្លី (bourses de stage des externes)នៅប្រទេសបារាំង។

គួរជម្រាបថា “ទីតាំងផ្តល់ព័ត៌មាន Espace France” នេះ ត្រូវបានរៀបចំឡើង នៅក្នុងបរិវេណអគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣) ដែលមានផ្ទៃក្រឡា ១៥.៧៦ ម៉ែត្រការ៉េ និងមានបំពាក់ដោយសម្ភារៈចាំបាច់ (ទូរទស្សន តុពិភាក្សាសម្រាប់ក្រុមតូច និងបញ្ជរប្រឹក្សាផ្តល់ព័ត៌មានចំនួន ០១) ជាជំនួយឧបត្ថម្ភពីស្ថានទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃការរៀបចំទីតាំងផ្តល់ព័ត៌មាននេះគឺសម្រាប់ផ្សព្វផ្សាយព័ត៌មានផ្សេងៗទាក់ទងនឹងការសិក្សាភាសាបារាំង អាហារូបករណ៍ផ្សេងៗនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងអាចផ្តល់ឱកាសឲ្យនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសិក្សាជាលក្ខណៈក្រុមតូច (Atelier) លើប្រធានបទសំខាន់ៗមួយចំនួន៕