ស.វ.ស និង វិទ្យាស្ថានប៉ាស្ទ័រប្រចាំប្រទេសកម្ពុជា ចុះបន្តអនុស្សរណ:យោគយល់គ្នា

នារសៀលថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល"ស.វ.ស" បានរៀបចំពិធីចុះអនុស្សរណ:យោគយល់គ្នាជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រប្រចាំប្រទេសកម្ពុជា។

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: (H.E Prof. Saphonn Vonthanak) សាកលវិទ្យាធិការនៃស.វ.ស លោកបណ្ឌិត FONTENILLE Didier, Directeur, Institut Pasteur du Cambodge និង លោក VIGOUROUX Christian, Président du Conseil d’Administration INSTITUT PASTEUR, PARIS។ ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស និងសហការីនៃអង្គភាពទាំងពីរ។


ខ្លឹមសារសំខាន់នៃអនុស្សារណ:នេះផ្តោតទៅលើការពង្រឹងទំនាក់ទំនងផ្ទាល់រវាងអន្តរស្ថាប័នទាំងពីរលើកិច្ចការស្រាវជ្រាវ ការអប់រំ និងកិច្ចសហប្រតិបត្តិការផ្សេងៗ តាមរយ:ការរៀបចំសិក្ខាសាលា វគ្គណ្តុះបណ្តាល សន្និសីទ ការទទួលអ្នកសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការលើកកម្ពស់កម្មវិធីសិក្សារបស់និស្សិតតាមរយៈការស្រាវជ្រាវផ្សេងៗ។ នេះគឺជាចំណែកដ៏សំខាន់មួយក្នុងការរួមគ្នាលើវិស័យសិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលផ្ទាល់នៅកម្ពុជា។

Posted on: 10/27/2018 9:58:18 AM