កិច្ចប្រជុំអន្តរជាតិដោយមានវត្តមានអ្នករៀបចំគោលនយោបាយបណ្តុះបណ្តាល និងស្ថាប័នបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលនៃបណ្តាប្រទេស កំពុងអភិវឌ្ឍ ចំនួន៥ប្រទេស រួមមានព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ុងហ្គោលី និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានដំណើរការ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ ចាប់ពីថ្ងៃ១០ កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃ១១ កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

តាមរយៈកិច្ចសហការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” ជាមួយអង្គការសុខភាពពិភពលោក កិច្ចប្រជុំអន្តរជាតិស្តីពី "ការកែទម្រង់ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលនៅតាមបណ្តាប្រទេស កំពុងអភិវឌ្ឍ" មានគោលបំណងចម្បង គឺដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកំណែទម្រង់បណ្តុះបណ្តាលវិស័យសុខាភិបាលនៅក្នុងប្រទេសនីមួយៗ និងដើម្បីសម្របសម្រួលកិច្ចសន្ទនារវាងប្រទេសនីមួយៗស្តីពីបទពិសោធន៍និងការអនុវត្តល្អដើម្បីពង្រឹងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងកែលម្អគុណភាព និងសុវត្ថិភាពនៃសេវាសុខាភិបាល។ កិច្ចប្រជុំនៅឆ្នាំនេះនឹងផ្តោតទៅលើទិដ្ឋភាពនៃការបណ្តុះបណ្តាលគ្លីនិកនៃវិជ្ជាជីវៈសុខាភិបាល។

វេទិកានេះ ក៏ផ្តល់ឱកាសដល់ការសហប្រតិបត្តិការរវាងស្ថាប័នបណ្តុះបណ្តាលនៃបណ្តាប្រទេសដែលចូលរួមក្នុងអង្គប្រជុំនេះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការកែទម្រង់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ក៏ដូចជាពិភាក្សារកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងដំណើរការកែទម្រង់គុណភាពបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលនៅប្រទេសរៀងៗខ្លួន ក៏ដូចជានៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ផងដែរ។

Posted on: 04/25/2018 8:52:44 AM