នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារ អង្គរប៉ារ៉ាដាយ ខេត្តសៀមរាប
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស)
បានរៀបចំពិធិបើកសិក្ខាសាលាស្តីពីការបូកសរុបសមិទ្ធផលឆ្នាំ២០១៧ និង
ទិសដៅផែនការឆ្នាំ២០១៨របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ពិធីបើកសិក្ខាសាលានេះ
បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន និង ឯកឧត្តមវេជ្ជបណ្ឌិត
មាន ឈីវុន ទីប្រឹក្សាអម
ក្រសួងសុខាភិបាលទទួលបន្ទុកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ព្រមទាំងវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ
និងបុគ្គលិកដែលអញ្ជើញមកពីគ្រប់ អង្គភាពទាំងអស់នៃស.វ.ស សរុបចំនួន១១០នាក់។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី
២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨
ក្នុងគោលបំណងសំខាន់គឺដើម្បីផ្តល់ឱកាសដល់មហាវិទ្យាល័យ សាលា ការិយាល័យ
និងផ្នែកនានាក្រោមឱវាទស.វ.ស អាចបង្ហាញអំពីសមិទ្ធផលដែល
សម្រេចបានក្នុងឆ្នាំ២០១៧ និង ពិភាក្សាកែសម្រួលសូចនាករគោលដៅរៀបចំលើក
ផែនការប្រតិបត្តិឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលានេះ
ឯកឧត្តមសាកលវិទ្យាធិការបានមានប្រសាសន៍រម្លឹក
អំពីចំណុចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់បន្ថែម នូវអ្វីដែលបានលើកក្នុងផែនការ
យុទ្ធសាស្ត្រស.វ.ស.ឆ្នាំ២០១៤-២០១៨ ព្រមទាំងផ្តល់នូវអនុសាសន៍ល្អៗជូនដល់
អង្គសិក្ខាសាលាសម្រាប់រៀបចំផែនការប្រតិបត្តិឆ្នាំ២០១៨
សំដៅធ្វើយ៉ាងណាឱ្យការអនុវត្ត ការងារទទួលបានជោគជ័យល្អប្រសើរ
និងមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត។