នារសៀលថ្ងៃអង្គារ ០៧កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យប្រតិភូនៃអង្គការ ANRS ដឹកនាំដោយលោកសាស្រ្តាចារ្យ François Dabis ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកសាស្រ្តាចារ្យ François Dabis បានសម្តែងការកោតសរសើរចំពោះក្រសួងសុខាភិបាលដែលបានសម្រេចបានជោគជ័យធំធេងក្នុងការទប់ស្កាត់ការរាលដាលនៃជម្ងឺឆ្លងនានា ជាពិសេសគឺការសម្រេចបានគោលដៅ ៩០-៩០-៩០ សម្រាប់ការការប្រយុទ្ធនឹងជំងឺអេដស៍។ លោកសាស្រ្តាចារ្យ Dabis ក៏បានកោតសរសើរចំពោះអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជា ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការស្រេាវជ្រាវស្តីពីជំងឺឆ្លងនានា រួមមានជំងឺអេដស៍ និងជំងឺរលាកថ្លើម ដើម្បីចូលរួមចំណែកក្នុងការផ្តល់ភស្តុតាងវិទ្យាសាស្រ្ត ដែលជួយដល់ក្រសួងសុខាភិបាលកម្ពុជាក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តសម្រាប់ទប់ស្កាត់ការរាលដាលនៃជំងឺទាំងនេះ។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ ANRS ដែលបានសហការល្អជាមួយអង្គភាពពាក់ព័ន្ធនានានៃក្រុសួងសុខាភិបាល ក្នុងការស្រាវជ្រាវកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើសុំឲ្យអង្គការ ANRS បន្តសហការលើការស្រាវជ្រាវថែមទៀត ជាពិសេសគឺ តាមរយ:ការបណ្តុះបណ្តាលអ្នកស្រាវជ្រាវកម្ពុជាជំនាន់ក្រោយ និងបន្តគាំទ្រដល់ការរៀបចំទិវាវិទ្យាសាស្រ្តស្តីពីជំងឺអេស៍ និងជំងឺរលាកថ្លើមនៅឆ្នាំក្រោយៗទៀត។

Posted on: 01/24/2018 11:55:47 AM