ទិវាវិទ្យាសាស្ត្ររបស់គម្រោង ANRS ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានដំណើរការដោយជោគជ័យក្នុងធ្វើបទបង្ហាញពីលទ្ធផលស្រាវជ្រាវលក្ខណៈវិទ្យាសាស្រ្តរយៈពេល២ថ្ងៃ គឺថ្ងៃច័ន្ទ-អង្គារ ០៦-០៧ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២-២៣ ខែមករា ឆ្នាំ ២០១៨

បានប្រារព្ធពិធីបិទនាថ្ងៃ ២៣ ខែមករា ឆ្នាំ ២០១៨ នេះនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ (HE. Pr. Saphonn Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស និងជាប្រធានសម្របសម្រួលគម្រោង ANRS ប្រចាំប្រទេសកម្ពុជា និងលោកសាស្រ្តាចារ្យ François DABIS។ គួរជម្រាបថា ទិវាវិទ្យាសាស្ត្ររបស់គម្រោង ANRS ប្រចាំព្រះរាជាណាចក្រកម្ពុជា នេះមានការអញ្ជើញចូលរួមពីម្ចាស់ពានរង្វាន់ណូបែលអន្តរជាតិ សាស្រ្តាចារ្យ បណ្ឌិត និង លោក-លោកស្រីមានជំនាញខាងវិស័យសុខាភិបាលចំនួន៨ប្រទេសផ្សេងគ្នា ក្នុងគោលបំណងចែករំលែកលទ្ធផលស្រាវជ្រាវនានា តាមរយៈការសំយោគលទ្ធផលទាំងនោះដើម្បីជាប្រយោជន៍ក្នុងការការពារ និងព្យាបាលជម្ងឺអេដស៍ និងរលាកថ្លើមនៅកម្ពុជា។ ទិវានេះក៏មានការពិភាក្សាស្តីពីការរៀបចំគំរោងស្រាវជ្រាវថ្មីៗបន្ថែមទៀត ក្នុងថ្ងៃអនាគតដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។ អង្គការ ANRS មានទីស្នាក់ការនៅ ស.វ.ស ដែលមានបេសកកម្មដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការផ្តល់នូវបច្ចេកទេស បច្ចេកវិជ្ជា និងលើកទឹកចិត្តគាំទ្រដល់ការបណ្តុះបណ្តាលភ្នាក់ងារសុខាភិបាលលើការស្រាវជ្រាវ។ ការបង្កើតជាផ្លូវការ នូវមូលដ្ឋានរបស់អង្គការ នៅកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន ANRS នៃប្រទេសបារាំង និងស្ថានទូតបារាំង ប្រចាំប្រទេសកម្ពុជា បន្តមក ក៏មានការចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអង្គការ ANRS នៃប្រទេសបារាំង នៅខែមីនា ឆ្នាំ២០១៤ ។ គោលដៅវិទ្យាសាស្រ្ត និងយុទ្ធសាស្រ្តរបស់អង្គការ គឺចូលរួមក្នុងកម្មវិធីអាទិភាពជាតិ ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ដោយសហការជាមួយក្រសួងសុខាភិបាល ។ ចាប់តាំងដំណើរការមក គម្រោងចំនួន៣០ ត្រូវបានអនុវត្ត នៅប្រទេសកម្ពុជា និងមានអត្ថបទវិទ្យាសាស្រ្ត ជាង៥០អត្ថបទ ត្រូវបានផ្សព្វផ្សាយក្នុងទិន្នានុលេខវិទ្យាសាស្រ្តអន្តរជាតិ រួមនឹងមានបទបង្ហាញផ្សេងៗជាច្រើន នៅតាមបណ្តាសន្និសីទអន្តរជាតិនានា ៕

Posted on: 01/23/2018 5:02:18 PM