និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ស.វ.ស ៣៦នាក់ ត្រៀមទៅបន្តការសិក្សានៅប្រទេសបារាំង
នាថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសំណេះសំណាល ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០១៦-២០១៧។
ពិធីនេះ ទទួលបាននូវកិត្តិយសដ៍ឧត្តុង្គឧត្តម ដោយមានការអញ្ជើញចូលរួមជាគណអធិបតីរបស់ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់គោរពថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ភ្ញៀវជាតិ អន្តរជាតិ និង និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសជាច្រើនរូប។
ក្នុងឆ្នាំ ២០១៧ នេះ មាននិស្សិត សរុបចំនួន ៣៦ នាក់ (ដែលក្នុងនោះមាននិស្សិតស្រីចំនួន ១១នាក់ និងនិស្សិតប្រុសចំនួន ២៥នាក់) ហើយនិស្សិតទាំងអស់នេះ សុទ្ធជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងអស់ ដែលបានទទួលការប្រកាសលទ្ធផល ជាប់ជាស្ថាពរ អំពីសំណាក់ការិយាល័យកណ្តាល «Bureau central de DFMS(A) à la Faculté de Médecine de Strasbourg, France» និងត្រូវបានអនុញាតឲ្យទៅបន្តការសិក្សាDFMS(A) ដោយមានការចុះឈ្មោះនៅសាកលវិទ្យាល័យនៃទីក្រុងនានាជាមុនរួច ចុះធ្វើកម្មសិក្សាFFI នៅតាមមន្ទីរពេទ្យផ្សេងៗនៃប្រទេសបារាំង ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ក្នុងរយៈពេល១ឆ្នាំ ។
មុននឹងជាប់អាហារូបករណ៏DFMS(A)នេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ព្រោះការជ្រើសរើសអាហារូបករណ៏នេះ ត្រូវឆ្លងកាត់២ដំណាក់កាល គឺវគ្គជម្រុះPré-sélection de Dossier Nº 1 នៅក្នុងខែ មករា មួយលើក និងវគ្គផ្តាច់ព្រ័តSélection Finale de Dossier Nº 2 ដែលបានប្រព្រឹត្តទៅនៅក្នុងខែមេសា ដោយឆ្លង កាត់ការពិនិត្យសមត្ថភាពផ្នែកកម្រិតយល់ដឹងភាសាបារាំងDELF B2ផងដែរ ។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់ឆ្នាំ ២០១៧ នេះ មាននិស្សិត ស.វ.ស សរុបចំនួន ៦៥៥ នាក់ហើយដែលត្រូវបានបញ្ជូនឲ្យទៅបន្តការសិក្សាឯកទេសនៅប្រទេសបារាំង ។