នារាត្រីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំកម្មវិធីបិទកម្មវិធីទស្សនកិច្ចសិក្សា និងអាហារពេលល្ងាច (Farewell Dinner) ជូនប្រតិភូមកពីសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន ចំនួន២១នាក់។
ពិធីនេះបានប្រព្រឹត្រ្តទៅនៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃស.វ.ស និង វត្តមានអញ្ជើញចូលរួមពីសំណាក់លោកព្សាកលវិទ្យាធការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយក នាយករង មន្រ្តីរាជការ និង ក្រុមសិល្ប:និស្សិត ស.វ.ស ។
សូមជម្រាបថាក្នុងដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូ និង ក្រុមនិស្សិតពីសាកលវិទ្យាល័យIUHW ប្រទេសជប៉ុន បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ចាប់ពី ថ្ងៃទី ០៣ ដល់ ១២ ខែសីហា ឆ្នាំ២០១៧ ក្រោមការរៀបចំសម្របសម្រួលដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីជាឱកាសសម្រាប់ក្រុមប្រតិភូនិស្សិតជប៉ុនបានសិក្សាស្វែងយល់អំពីប្រព័ន្ធបណ្តុះបណ្តាលវិស័យសុខាភិបាល និងការផ្តល់សេវាសុខាភិបាលនៅប្រទេសកម្ពុជា ក៏ដូចជាការស្វែងយល់ដោយផ្ទាល់អំពីវប្បធម៌ ប្រពៃណីខែ្មរផងដែរ។
ក្នុងរយៈពេល១០ថ្ងៃនៃការស្នាក់នៅប្រទេសកម្ពុជា ក្រុមប្រតិភូនិស្សិត បានធ្វើទស្សនកិច្ចនៅសវស ការផ្តល់សេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យជាតិនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ទស្សនាសារមន្ទីរ ទស្សនាប្រាសាទបុរាណនានាក្នុងខេត្តសៀមរាប ព្រមទាំងចូលរួមក្នុងសកម្មភាពផ្សេងៗជាច្រើនទៀតផងដែរ។
នាឱកាសបិទកម្មវិធីទស្សនកិច្ចនេះ ឯកឧត្តមសាកលវិទ្យាធិការបានមានប្រសាសន៍វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះភាគី IUHW ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាពិសេសនៅសវស ដែលបង្ហាញច្បាស់នូវកិច្ចសហប្រតិបត្តការក្នុងនាមដៃគូអភិវឌន្ឍដ៏រឹងមាំ រវាងភាគីទាំងពីរនាពេលបច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្តមក៏បានជូនពរដល់ក្រុមប្រតិភូនិស្សិតមានសុខភាពល្អ និង មាតុភូមិនិវត្តវិញប្រកបដោយសុវត្ថិភាព។
សូមចុច link https://goo.gl/zCmqyu សម្រាប់ទស្សនារូបច្រើនទៀត