នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” មាន ប្រារព្ធ"ពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្រ្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” មាន ប្រារព្ធ"ពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្រ្ត ដែលបានទទួលអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង និស្សិតត្រៀមប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ។ មានវត្តមានចូលរួមក្នុងពិធីនេះមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស រួមជាមួយលោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស/នាយក ព្រឹទ្ធបុរសរង/នាយករង សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក និស្សិតថ្នាក់វេជ្ជបណ្ឌិត និង និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ប្រមាណជាង ៤០០នាក់ ។
ការបណ្តុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានចាប់ផ្តើមបណ្តុះបណ្តាលតាំងពីឆ្នាំ ១៩៩៣ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីកិច្ចសហប្រតិបត្តិការបារាំង ដែលកាលនោះ ការបណ្តុះបណ្តាលថ្នាក់ឯកទេសនេះមានឈ្មោះជាថ្នាក់បណ្តុះបណ្តាល CES (Certificats d’Etudes Spécialisée) ហើយបានប្រែក្លាយឈ្មោះទៅជាថ្នាក់វេជ្ជបណ្ឌិតឯកទេស DES (Diplôme d’Etude Spécialisée) តាំងពីឆ្នាំ២០០៣មក។ 
នៅពេលចាប់ផ្តើមដំបូងថ្នាក់វេជ្ជបណ្ឌិតឯកទេស មានការបណ្តុះបណ្តាលលើឯកទេសតែមួយប៉ុណ្ណោះគឺ ឯកទេសប្រពោធកម្ម ដាក់ថ្នាំសណ្តំ និងសង្រ្គោះបន្ទាន់ (Anesthésie-Réanimation et Médecine d’Urgence) ។
ជាបន្តបន្ទាប់ ដោយមានការគាំទ្រយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានផ្តល់អទិភាពខ្ពស់លើវិស័យអប់រំធនធានមនុស្ស ជាពិសេសវិស័យអប់រំធនធានមនុស្សក្នុងវិស័យសុខាភិបាល និងដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ថ្នាក់វេជ្ជបណ្ឌិតឯកទេសនេះត្រូវបានពង្រីកបន្ថែមជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះ ស.វ.ស មានថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ២១ ឯកទេស មានរយៈពេលសិក្សាពី ៣ ទៅ ៤ ឆ្នាំ អាស្រ័យទៅតាមឯកទេសនីមួយៗ។
ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ រហូតមកដល់ពេលនេះ ដោយមានការសណ្តោសអំពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសជាប់លេខ១ ប្រចាំឆ្នាំសិក្សានីមួយៗ ចំនួន ៦៣ នាក់ (ស្រី ១២នាក់) បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះរួមមាន ៖
+ ជំនាន់ទី១ ដែលបានប្រឡងជាប់លេខ១ នៅឆ្នាំសិក្សា ២០១៤-២០១៥ មានចំនួន ១៩ នាក់។
+ ជំនាន់ទី២ ដែលបានប្រឡងជាប់លេខ១ នៅឆ្នាំសិក្សា ២០១៥-២០១៦ មានចំនួន ១៧ នាក់ ។
+ ជំនាន់ទី៣ ដែលបានប្រឡងជាប់លេខ១ នៅឆ្នាំសិក្សា ២០១៦-២០១៧ មានចំនួន ២៧ នាក់។
ចាប់តាំងពីឆ្នាំបើកថ្នាក់បណ្តុះបណ្តាលដំបូង មកដល់ឆ្នាំ២០១៦ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសដែលបាន បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានចំនួន ៩០៤ នាក់ ក្នុងនោះមានស្រីចំនួន ២២០នាក់។ បច្ចុប្បន្ននេះ និស្សិតដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល មានចំនួន ៦៤៩ នាក់ (ស្រីចំនួន២០៨នាក់)។
+សូមចុច link: https://goo.gl/YcWxFc
+លិខិតបញ្ជាក់ជូននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលទទួលបានចំណាត់ថ្នាក់លេខ១ សូមចុច link:https://goo.gl/kOt1yB

Posted on: 05/19/2017 2:52:53 PM