ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល "ស.វ.ស" បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:វិស័យសុខាភិបាល"
ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់កឧត្ដម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង (H.E Dr. MAM Bunheng) រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:វិស័យសុខាភិបាល" ដល់និស្សិតថ្នាក់អន្តេវាសិកវេជ្ជសាស្រ្ត ជំនាន់ទី៣៧ ដែលជានិស្សិតថ្នាក់ឆ្នាំបញ្ចប់វេជ្ជសាស្រ្តទូទៅ ចំនួនប្រមាណជិត៣០០នាក់។ សិក្ខាសាលានេះបានប្រារព្ធទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង វត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស ឯកឧត្តមសាស្ត្រាចារ្យ ឡាំ អេងហួរ អនុប្រធានគណៈគ្រូពេទ្យកម្ពុជារួមជាមួយនឹងអស់លោកលោកស្រីជាសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ฺព្រឹទ្ធបុរសរង លោកនាយក និងមន្ត្រី បុគ្គលិកនៃមហាវិទ្យាល័យទាំងបីនិងសាលារបស់ស.វ.ស។ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ គឺជាឱកាសដ៏មានសារៈសំខាន់ដែលអាចអោយមន្រ្តី បុគ្គលិក ជាពិសេសនិស្សិតសវសដែលទើបបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិត អាចស្វែងយល់បានសុីជំរៅនិងច្បាស់លាស់អំពីខ្លឹមសារនៃច្បាប់ មុនពេលពួកគេចេញទៅប្រកបការងារក្នុងវិស័យសុខាភិបាល។