នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" រៀបចំសិក្ខាសាលាស្តីពី "ការបូកសរុបសមិទ្ធិផល ឆ្នាំ២០១៦ និងទិសដៅផែនការ ឆ្នាំ២០១៧" ដែលបានប្រព្រឹត្ត្តទៅនៅសណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុ។

អញ្ជើញជាអធិបតីភាពក្នុងពិធីបើកនាឱកាសនោះរួមមានលោកសាស្រ្តាចារ្យរង សេង សុភាព សាកលវិទ្យាធិការរង នៃ ស.វ.ស និង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកនាយក នាយករង តាមមហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្្ត ទន្តវទនសាស្រ្ត និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស។ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីជាប្រធានការិយាល័យ ប្រធានផ្នែក មន្រ្តីរាជការ បុគ្គលិក មកពីមហាវិទ្យាល័យទាំងបី សាលា និង ផ្នែកទាំងអស់ដែលមាននៅសាកលវិទ្យាធិការដ្ឋាននៃ ស.វ.ស សរុបប្រមាណ ១២០នាក់។

ការរៀបចំសិក្ខាសាលាស្តីពី "ការបូកសរុបសមិទ្ធិផល ឆ្នាំ២០១៦ និងទិសដៅផែនការ ឆ្នាំ២០១៧" របស់ ស.វ.ស នេះ​មានរយៈពេល ៣ថ្ងៃ (២០-២២ ខែធ្នូ ឆ្នាំ២០១៦) ដែលមានគោលបំណងសំខាន់ដើម្បីផ្តល់ឱកាសដល់អង្គភាព និងផ្នែកទាំងអស់នៅសាកលវិទ្យាធិការដ្ឋាន បង្ហាញអំពីសមិទ្ធិផលសម្រេចបានក្នុងឆ្នាំ២០១៦ ស្របតាមផែនការយុទ្ធសាស្ត្ររបស់សវស ឆ្នាំ២០១៤-២០១៨ និង ការចែករំលែកនូវបទពិសោធន៍ បញ្ហាប្រឈម និង ការផ្តល់ជាអនុសាសន៍នានាសម្រាប់ជាការតាលីករក្នុងការឈានទៅសម្រេចភាពជោគជ័យតាមគោលដៅកំណត់។ គោលបំណងសំខាន់មួយទៀតនៃសិក្ខាសាលា គឺដើម្បីពិភាក្សារៀបចំតាក់តែងគម្រោងផែនការប្រតិបត្តិឆ្នាំ២០១៧ របស់ស.វ.ស។

គួរបញ្ជាក់ថា នាដើមខែតុលា ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃ​ការវាយតម្លៃពាក់កណ្តាលអាណត្តិផែនការយុទ្ធសាស្រ្ត ២០១៤-២០១៨ និងលទ្ធផល​វាយតម្លៃ​ប្រព័ន្ធ​ធានាគុណភាពផ្ទៃក្នុង របស់ ស.វ.ស ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុន​ហេង (H.E Dr. MAM Bunheng) រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យា​សាស្រ្តសុខាភិបាល។ 

សិក្ខាសាលានេះបានបង្ហាញយ៉ាងប្រត្យក្សអំពីកិច្ចកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក គ្រប់ជាន់ថ្នាក់របស់ស.វ.ស ដែលបានពុះពារអនុវត្តភារកិច្ចតាមផែនការសម្រេចបាននូវសមិទ្ធិផលធំៗថ្មីៗជាច្រើន ផ្តោតលើការធ្វើកំណែទម្រង់ផ្នែកបណ្តុះបណ្តាល ការស្រាវជ្រាវ អភិបាលកិច្ច ទំនើបកម្ម ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងការធានាគុណភាពរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។​​ ក្តីរំពឹងសំខាន់បំផុតក្នុងសិក្ខាសាលានេះ គឺសវសនឹងទទួលបាននូវគម្រោងផែនការប្រតិបត្តិគ្រប់ជ្រុងជ្រោយមួយសម្រាប់ឆ្នាំ២០១៧ និងឆ្លើយតបកាន់តែមានប្រសិទ្ធភាពឈានទៅសម្រេចបានទាំងស្រុងនូវផែនការយុទ្ធសាស្ត្ររបស់ស.វ.ស ឆ្នាំ២០១៤-២០១៨។

Posted on: 12/22/2016 4:07:33 PM