នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃគណៈកម្មការតម្រង់ទិសយុទ្ធសាស្រ្ត​ (Strategic Oriented Committee) នៃមន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ​ (Rodolphe Mérieux) ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវនិងបណ្តុះបណ្តាលលើការស្រាវជ្រាវមួយ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ដែលឧបត្ថម្ភដោយ មូលនិធិម៉េរីយើ។

ពិធីនេះប្រព្រឹត្រ្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម​សាស្រ្តាចារ្យ​ សាផុន វឌ្ឍនៈ (H.E Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស រួមជាមួយ លោកបណ្ឌិត Benoît Miribel, Director General of Fondation Mérieux​និងដោយមានការចូលរួមពីលោកសាកលវិទ្យាធិការរង លោកប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ​រួមទាំងប្រតិភូនៃមូលនិធិមេរីយើចំនួន៤រូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលរបាយការណ៍ស្រាវជ្រាវ និងសមិទ្ធិផលនានាដែលមន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើនៅ ស.វ.ស សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក​ព្រមទាំងការពិភាក្សា និង ផ្តល់អនុសាសន៍សម្រាប់មន្ទីរពិសោធន៍ក្នុងការរៀបចំយុទ្ធសាស្រ្ត សម្រាប់អនុវត្តបន្តនៅឆ្នាំបន្ទាប់ទៀត។

សូមជម្រាបថា មន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ ជាមន្ទីរពិសោធន៍ ស្រាវជ្រាវដែលមានស្តង់ដា​រ អន្តរជាតិក្នុងកំរិត BSL2+ បានសាងសង់ឡើងក្រោមជំនួយរបស់ មូលនិធិមេរីយើតាំងពីឆ្នាំ២០០៥ នៅទីតាំងទី១នៃ ស.វ.ស។

Posted on: 11/19/2016 6:48:30 AM