សាកលវិទ្យាល័យ IUHW សម្រេចផ្តល់អាហារូបករណ៍ដល់និស្សិត ស.វ.ស​ សិក្សារយៈពេល៦ឆ្នាំនៅប្រទេសជប៉ុន

កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ គណៈប្រតិភូនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ដឹកនាំដោយឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ (H.E Prof. SAPHONN Vonthanak) អមដំណើរដោយលោកសាស្រ្តាចារ្យជំនួយ ប៊ុនចាន់ យុត្តិរុង ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្ត និងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនសុជាតិ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្រ្ត បានអញ្ជើញទៅចូលរួម សន្និសីទអន្តរជាតិ រៀបចំដោយ International University of Health and Welfare (IUHW) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃទស្សនកិច្ចនេះ គណៈប្រតិភូក៏បានជួបប្រជុំពិភាក្សាដោយឡែកជាមួយ IUHW អំពីការពង្រឹងកិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរ ដោយផ្តោតលើការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ និង ផែនការផ្តល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

លទ្ធផលគួរជាទីមោទនភាពបំផុតនៃបេសសកម្មរបស់គណៈប្រតិភូស.វ.សនេះ គឺ ភាគី IUHW បានសម្រេចយល់ព្រមផ្តល់អាហារូបករណ៍ចំនួនមួយកន្លែង ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់សិក្សាថ្នាក់វេជ្ជបណ្ឌិត នៅ IUHW ក្នុងឆ្នាំ២០១៧នេះ។ នេះគឺជាអាហារូបករណ៍ដំបូងបំផុតដែលនឹងផ្តល់ជូនឱ្យនិស្សិតកម្ពុជា ឱ្យបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ ប្រទេសជប៉ុន ដែលមានរយៈពេល ៦ឆ្នាំ ក្នុងគំរោងថវិកាសរុប ៣០លានយ៉េន។

សូមជម្រាបផងដែរថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង IUHW បានចុះ អនុស្សារណៈយោគយល់គ្នា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស និង លោកសាស្រ្តាចារ្យ Kuninori Takagi នាយកសាកលវិទ្យាល័យ IUHW ក្រោមវត្តមានជាសាក្សីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម Yuji KUMAMARU ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

អនុស្សារណៈនេះ ផ្តោតជាសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងសាកលវិទ្យាល័យទាំងពីរ តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិត មន្រ្តីរាជការ ក្នុងកម្មវិធីសិក្សាស្រាវជ្រាវ កម្មសិក្សា សិក្ខាសាលា និង សន្និសីទនានា ក្នុងកិច្ចសហប្រតិបត្តិការរវាងអន្តរសាកលវិទ្យាល័យ។

Posted on: 11/02/2016 10:15:01 PM