នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលជួបសន្ទនាជាមួយប្រតិភូ នៃសាកលវិទ្យាល័យ ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន

នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលជួបសន្ទនាជាមួយប្រតិភូមួយក្រុមដឹកនាំដោយលោកស្រីសាស្រ្តាចារ្យ Junko Tanaka ប្រធាននាយកដ្ឋានអេពីដេមីសាស្រ្ត នៃវិទ្យាស្ថានជីវវេជ្ជសាស្រ្ត និង វិទ្យាសាស្រ្តសុខាភិបាល នៃសាកលវិទ្យាល័យ ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យសុខាភិបាល និងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ដោយផ្តោតលើការសហការលើគម្រោងស្រាវជ្រាវស្តីអំពីសេរ៉ូប្រវ៉ាឡង់នៃជំងឺលាកថ្លើមប្រភេទB លើម្តាយនិងកុមារ នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវអនុវត្តនៅខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

កិច្ចប្រជុំនេះក៏បានពិភាក្សាស្តីអំពីការប្រើប្រាស់លទ្ធផលដែលបានមកពីការសិក្សាស្រាវជ្រាវខាងលើ ដើម្បីលើកសំណើទៅរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈកិច្ចសហប្រតិបត្តិការក្នុងគម្រោង Science and Technology Research Partnership for Sustainable Development (SATREPS) ដែលមានទំហំទឹកប្រាក់ប្រមាណ៥លានដុល្លា សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីធ្វើការសិក្សាស្រាវជ្រាវទាក់ទងនឹងជំងឺរលាកប្រភេទB នេះឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក៏ដូចជាបញ្ចូលនូវការសិក្សាស្រាវជ្រាវជាវអាទិភាពផ្សេងទៀតផងដែរ។

Posted on: 10/19/2016 11:02:20 AM