(សៀមរាប)៖ នាថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃ​ការវាយតម្លៃពាក់កណ្តាលអាណត្តិផែនការយុទ្ធសាស្រ្ត ២០១៤-២០១៨ និងលទ្ធផល​វាយតម្លៃ​ប្រព័ន្ធ​ធានាគុណភាពផ្ទៃក្នុងនៅ ស.វ.ស នៅសណ្ឋាគារសោមាទេវី

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃ​ការវាយតម្លៃពាក់កណ្តាលអាណត្តិផែនការយុទ្ធសាស្រ្ត ២០១៤-២០១៨ និងលទ្ធផល​វាយតម្លៃ​ប្រព័ន្ធ​ធានាគុណភាពផ្ទៃក្នុងនៅ ស.វ.ស នៅសណ្ឋាគារសោមាទេវី ។ ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុន​ហេង (H.E Dr. MAM Bunheng) រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យា​សាស្រ្តសុខាភិបាល និងមានការអញ្ជើញចូលរួមអំពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ទីប្រឹក្សាអមក្រសួងសុខាភិបាល ប្រធាន អនុប្រធានមន្ទីសុខាភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃសាកលវិទ្យា​​​ល័យ​​​​វិទ្យាសាស្រ្តសុខាភិ​បាល និង អ្នកជំនាញ មកពីវិទ្យាស្ថាន AIT នៃប្រទេសថៃ​។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ (H.E Prof.SAPHONN Vonthanak) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរាយការណ៍ជូនគណៈអធិបតីនិងអង្គសិក្ខាសាលាអំពីសមិទ្ធិ​ផល​​នានា ដែលសាកលវិទ្យាល័យសម្រេចបានដោយបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំ ២០១៤-២០១៨ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលការឯកភាពនិងប្រកាសដាក់ឲ្យអនុវត្តនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោ​មអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។​ គិតមកដល់ពេលនេះ សាកលវិទ្យាល័យអនុវត្តផែនការយុទ្ធសាស្រ្តនេះ បានរយៈពេល ២ ឆ្នាំ ហើយ ដោយសម្រេចបាននូវ​សមិទ្ធិផលជាច្រើនលើការធ្វើកំណែទម្រង់ផ្នែកបណ្តុះបណ្តាល ការស្រាវជ្រាវ អភិបាលកិច្ចនិងទំនើបកម្ម ការពង្រីកហេដ្ឋារចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិនិងការធានាគុណភាពរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។​សាកលវិទ្យាល័យបានរៀបចំការវាយតម្លៃផែនការយុទ្ធសាស្រ្តពាក់កណ្តាលអាណត្តិឆ្នាំ ២០១៤-២០១៨ និងវាយតម្លៃ ប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដោយបានអញ្ជើញអ្នកជំនាញ មកពីវិទ្យាស្ថាន AIT នៃប្រទេសថៃ ។ ការងារវាយតម្លៃនេះ បានចាប់ផ្តើម តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មក និងទើបបានបញ្ចប់នាពេលនេះ។

មានមតិក្នុងឱកាសបើកអង្គសិក្ខាសាលាឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមក្រសួងសុខាភិបាល បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃសាកលវិទ្យាល័យ ដែលបានខិតខំបំពេញការងារសម្រេចបាននូវសមិទ្ធិផលជាច្រើន និងបានរៀបចំឲ្យមានការវាយតម្លៃពាក់កណ្តាលអាណត្តិផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៤-២០១៨ និងការរវាយតម្លៃប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរបស់ សាកលវិទ្យា​​​​​​ល័យវិទ្យាសាស្រ្តសុខាភិបាលនេះឡើង។​ លទ្ធផលនៃការវាយតំលៃពាក់កណ្តាលអាណត្តិនេះ​នឹងអាច​ជួយ​តម្រង់ទិសកែសម្រួល និងពន្លឿនការអនុវត្តនានានៃផែនការយុទ្ធសាស្រ្តរបស់​ ស.វ.ស សំដៅឈានដល់​ការសម្រេច​បាននូវ​គោលដៅគ្រោងទុករបស់សាកលវិទ្យាល័យ នាដំណាច់ឆ្នាំ២០១៨ខាងមុខ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យអង្គសិក្ខាសាលាទាំងមូល ខិតខំពិភាក្សារិះរកវិធីសាស្រ្តនានាដែលមាន​ប្រសិទ្ធិភាព និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីកែសម្រួលយុទ្ធសាស្រ្ត និងពន្លឿនការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សាកល វិទ្យាល័យ ដើម្បីសម្រេចបានដូចទិសដៅដែលបានកំណត់។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់អ្នកជំនាញមកពីវិទ្យាស្ថាន AIT ដែលបានចូលរួមធ្វើការវាយតម្លៃ និង China Medical Board ដែលបានឧបត្ថម្ភថវិកាសំរាប់ដំណើរការវាយតម្លៃនេះ។

សូមជម្រាបថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ ឆ្នាំ ២០១៤-២០១៨ និងបានប្រកាសដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។ គិតមកដល់ពេលនេះ សាកលវិទ្យាល័យបានអនុវត្តផែនការយុទ្ធសាស្រ្តនេះ បានរយៈពេល ២ ឆ្នាំ ហើយ ដោយសម្រេចបាននូវសមិទ្ធិផលធំជាច្រើនទាក់ទងនឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ អភិបាលកិច្ច និង​ ទំនើបកម្មការពង្រីកហេថ្ថារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ និង ទាក់ទងការធានាគុណភាពរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ សាកលវិទ្យាល័យបានរៀបចំការវាយតម្លៃផែនការយុទ្ធសាស្រ្តពាក់កណ្តាលអណត្តិ ឆ្នាំ ២០១៤-២០១៨ និងវាយតម្លៃការធានាគុណភាពផ្ទៃក្នុងរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដោយបានអញ្ជើញអ្នកជំនាញ ចំនួន ០៣ នាក់ ពីវិទ្យាស្ថាន AIT នៃប្រទេសថៃ ដើម្បីធ្វើការវាយតម្លៃនេះ។ ការងារនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មក និងទើបបញ្ចប់ការវាយតម្លៃ នាពេលនេះ។ 

Posted on: 10/06/2016 2:25:43 PM