នារសៀលថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានប្រារព្ធពិធី សំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសជ័យលាភីអាហារូបករណ៍ Diplôme de Formation Médicale Spécialisée /Approfondie (DFMS/A)
ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង (H.E.Dr. MAM BUNHENG) រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសនោះដែរ មានឯកឧត្តម Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយវត្តមានរបស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ ស.វ.ស ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងនិស្សិតជ័យលាភី អាហារូបករណ៍ DFMS/A ចំនួន ២៨ រូប។ ឯកឧត្តមសាកលវិទ្យាធិការបានជម្រាបជូនអង្គពិធីអំពីរបាយការណ៍សង្ខេបទាក់ទងនឹងអាហារូបករណ៍ ដែលផ្តល់ឱ្យ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងការបណ្តុះបណ្តាល ពង្រឹងចំណេះដឹងថ្នាក់ ឯកទេសបន្តនៅប្រទេសបារាំង។ ឯកឧត្តមបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់ឆ្នាំ ២០១៦ នេះ មាននិស្សិត ស.វ.ស សរុបចំនួន ៦១០ នាក់ហើយដែលត្រូវបានជ្រើសរើសឲ្យទៅបន្តការសិក្សាឯកទេសបន្ថែមនៅប្រទេសបារាំង ។ ដោយឡែកនៅក្នុងឆ្នាំ ២០១៦ នេះ មាននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសសរុបចំនួន ២៨ នាក់ (និស្សិតស្រីចំនួន ១៣នាក់) ដែលនឹងត្រូវចេញដំណើរទៅបន្តការសិក្សានៅប្រទេសបារាំងរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៧។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ពិធីដែលបានរៀបចំឡើងនាថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្លារវាង សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និង ភាគីបារាំង ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និង បង្កើនគុណភាព នៃការអប់រំក្នុងវិស័យសុខាភិបាលដែលសរបញ្ជាក់អំពីជោគជ័យមួយក្នុងកសាងសមត្ថភាព និងជំនាញឯកទេសសុខាភិបាល។ តាំងនាមឱ្យក្រសួងសុខាភិបាល និង ក្នុងនាមឯកឧត្ដមផ្ទាល់ ឯកឧត្ដមបានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល សាធារណៈរដ្ឋបារាំងដែលបាននឹងកំពុងគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្ដមក៏បានសម្តែងនូវការអបអរសាទរ និង កោតសរសើរចំពោះនិស្សិត ជ័យលាភីអាហារូបករណ៍ទាំងអស់ដែលបានទទួលនូវការជ្រើសរើសឱ្យទៅបន្តការសិក្សានៅប្រទេសបារាំង ហើយឯកឧត្ដម ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ជ័យលាភីទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានចប់ជាស្ថាពរ និង នាំយកនូវ ចំណេះដឹង បទពិសោធន៍ថ្មីៗទាក់ទងនឹងឯកទេសរបស់ខ្លួនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។