អនាគតនិស្សិត និង គ្រុមគ្រួសារប្រមាណជិត២០០នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធី "ទស្សនាចរ ស.វ.ស" ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

កម្មវិធីនេះ បានប្រព្រឹត្រ្តទៅក្រោមអធីបតីភាពលោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរងនៃ ស.វ.ស និង ជាតំណាងឯកឧត្តមសាកលវិទ្យាធិការ លោកសាស្រ្តាចារ្យរង ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការរងនៃ ស.វ.ស លោកសាស្រ្តាចារ្យជាព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកនាយក លោកនាយករង និង ការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ សមាគមនិស្សិតទាំង៤នៃ ស.វ.ស។
កម្មវិធីមួយព្រឹកនេះ បានផ្តល់ជូនអនាគតនិស្សិតនូវការធ្វើបទបង្ហាញពីទិដ្ឋភាពជារួមនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត ផ្នែកសុខភាពសាធារណៈ និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស។ បន្ថែមពីនោះ ក៏មានដំណើរទស្សនកិច្ចដោយបែងចែកជាក្រុមផ្សេងគ្នា ទស្សនានៅបណ្ណាល័យ សាលអនុវត្តត្រាប់ បន្ទប់មន្ទីរពិសោធន៏ បន្ទប់គ្លីនិក ផ្នែកចុះឈ្មោះ និង លិខិតបទដ្ឋាននិស្សិត ស.វ.ស។
សូមជម្រាប"ទស្សនាចរ ស.វ.ស" (UHS Open House) ឆ្នាំ២០១៦ គឺជាកម្មវិធីថ្មីមួយដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្កើតឡើងដំបូងគេនៅឆ្នាំ២០១៥។ កម្មវិធីនេះ សម្រាប់ផ្តល់ឱកាសជូនចំពោះអនាគតនិស្សិត និង ក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់បានស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពលរបស់អនាគតសាកលវិទ្យាល័យរបស់គាត់។ កម្មវិធីនេះ ប្រារព្ធធ្វើលើកទី១ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីតាំងទី១ ស.វ.ស (ទល់មុខអគារខ្ពស់វឌ្ឍនៈ) និង ប្រារព្ធធ្វើលើកទី២ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីតាំងទី២ ស.វ.ស (ជិតមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត)។
ព័ត៌មានផ្សេងៗទាក់ទងនឹងកម្មវិធីនេះ នឹងមានផ្សព្វផ្សាយជូននៅលើបណ្តាញសង្គមផ្លូវការតែមួយគត់របស់សាកលវិទ្យាល័យ។

Posted on: 09/19/2016 9:50:03 AM