កម្មវិធី "សាកលវិទ្យាល័យរដូវក្តៅ (Université d’Eté)" ដែលរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស)

នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកភូមិជាច្រើននាក់ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់​ជ្រាវ ខេត្តសៀមរាប បានអញ្ជើញមកកាន់មណ្ឌលសុខភាពជ្រាវ ដើម្បីចូលរួមស្តាប់នូវការពន្យល់អំពីវិធីសាស្រ្តថែរក្សាសុខភាព ការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវ និង វិធានអនាម័យ ដែលធ្វើបទបង្ហាញនិងផ្សព្វផ្សាយដោយនិស្សិតស.វ.សរួមជាមួយនិស្សិតអន្តរជាតិជាច្រើននាក់ផ្សេងទៀតមកពីប្រទេសបារាំង ឡាវ និង វៀតណាម តាមរយៈការសម្តែងជាឈុតឆាកខ្លីៗបង្កប់នូវសារអប់រំសំខាន់ៗ ព្រមជាមួយនឹងការចែកជូននូវ កញ្ចប់សម្ភារៈសុខភាពមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់នោះផងដែរ។
កម្មវិធីនេះបានរៀបចំឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ "សាកលវិទ្យាល័យរដូវក្តៅ (Université d’Eté)" ដែលរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ក្នុងភាពជាដៃគូជាមួយការិយាល័យអាសុីប៉ាស៊ីហ្វិកនៃទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង (Bureau Asie-Pacique de l’Agence Universitaire de la Francophonie-AUF) សម្រាប់សិស្សនិស្សិតដែលនិយាយភាសាបារាំងក្នុងតំបន់ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ ក្រោមប្រធានបទ "ការអប់រំសុខភាព និង សហគមន៍”។

Posted on: 09/08/2016 2:38:03 PM