ស.វ.ស មានបច្ចេកវិទ្យាសិក្សាកាយវិភាគវិទ្យាដ៏ទំនើបដំបូងគេនៅកម្ពុជា និង ទី២ក្នុងតំបន់អាសុីបន្ទាប់ពីប្រទេសសឹង្ហបុរី

ANATOMAGE គឺជាឧបករណ៏ដ៏ទំនើបសម្រាប់សិក្សាមុខវិជ្ជាកាយវិភាគវិទ្យា (Anatomie) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ឱ្យប្រើប្រាស់នៅសាកលវិទ្យាល័យវិទ្យាស្រ្តសុខាភិបាលហើយនាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៦នេះ។ 

Anatomage ផ្តល់លក្ខណៈកាន់តែងាយស្រួលសំរាប់ការសិក្សាអំពីផ្នែកនានានៃសរីរាង្គកាយរបស់មនុស្សជាលក្ខណៈ 3D ដែលអាចឱ្យអ្នកសិក្សាស្វែងយល់កាន់តែសុីជម្រៅ ទូលំទូលាយ និង ច្បាស់លាស់អំពីរូបរាងនិងទីតាំងនានានៃសរីរាង្គកាយ។ វាអាចធ្វើការបែងចែកយ៉ាងសុក្រិតពីប្រព័ន្ធសាច់ដុំ គ្រោងឆ្អឹង សសៃឈាម និង ប្រព័ន្ធផ្សេងៗទៀតនៃសរីរាង្គកាយមនុស្សទាំងមូល ក្នុងកម្រិតរូបភាពយ៉ាងច្បាស់ និង អាចបង្វិលមើលក្នុងរង្វង់មុំ៣៦០ដីក្រេ។ អ្នកសិក្សាអាចកំណត់យកសរីរាង្គកាយណាមួយក្នុងចំណោមមនុស្សប្រុស ឬ ស្រី ដើម្បីយកមកពិនិត្យ វិភាគបានយ៉ាងលម្អិតដោយប្រើប្រាស់ប្រព័ន្ធ Sensor តាមរយៈការចុចដោយផ្ទាល់លើអេក្រង់ (Touch Screen) ហើយក៏អាចឱ្យនិស្សិតតាមដានការបង្រៀននៅលើអេក្រង់ LCD ដែលតភ្ជាប់ចេញពីឧបករណ៍នេះផងដែរ។

ទន្ទឹមនឹងការមកដល់និងការតម្លើងដាក់ឱ្យប្រើប្រាស់ឧបករណ៍នេះ អ្នកជំនាញមកពីសហរដ្ឋអាមេរិច ក៏បានអញ្ជើញមកធ្វើការបង្ហាញនិងបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ និង ការថែទាំឧបករណ៍នេះ ជូនដល់លោក-លោកស្រីសាស្រ្តាចារ្យ ដែលជាគ្រូបង្រៀនមុខវិជ្ជាកាយវិភាគវិទ្យានៅមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសវស ។
ក្នុងពេលខាងមុខនេះ និស្សិតនៅមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងអាចពង្រីកនូវវិសាលភាពចំណេះដឹងបន្ថែមរបស់ខ្លួនទាក់ទងការសិក្សា Anatomy, Surgical Anatomy និង Radiology Anatomy តាមរយៈការអនុវត្តផ្ទាល់នៅលើឧបករណ៍នេះតែម្តង ដោយពុំចាំបាច់ប្រើសាកសពពិតដូចពីអតីតកាលទៀតហើយ។

សូមជម្រាបផងដែរថា កាលពីសប្តាហ៏មុនឧបករណ៍សម្រាប់អនុវត្តត្រាប់ដ៏ទំនើបឈ្មោះ Stimulator Tetherless (Gaumard®) ជាបច្ចេកវិទ្យាចុងក្រោយមួយផ្សេងទៀតសម្រាប់ការសិក្សាអនុវត្តត្រាប់ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរួចមកហើយដែរ។ នេះគឺជាទឡ្ហីករណ៍នៃកាលានុវត្តភាពមួយជំហានថែមទៀតរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងការលើកកំពស់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលសម្រាប់និស្សិតក្នុងការពង្រីកចំណេះដឹងជំនាញគ្លីនិក និង អនុវត្តត្រាប់ បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកន្លងមកនូវ “មន្ទីរពិសោធន៍ជំនាញគ្លីនិក និង បង្ហាញត្រាប់” និង “បន្ទប់ប្រឡងតាមប្រព័ន្ធកុំព្យូទ័រ”។

Posted on: 08/30/2016 9:53:38 AM