ឱសថការីកម្ពុជា១០០រូប ទទួលការបណ្តុះបណ្តាលទាក់ទងទំនើបកម្មក្នុងការគ្រប់គ្រងឱសថ និង ជម្ងឺទឹកនោមផ្អែម

ដោយមានកិច្ចសហការរវាងសាលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" សមាគមមិត្តនិស្សិតឱសថការីខ្មែរប្រចាំនៅប្រទេសបារាំង សមាគមឱសថការីកម្ពុជា និង គណៈឱសថការីកម្ពុជា នាព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦ នៅមហាវិទ្យាល័យឱសថសាស្រ្តនៃ ស.វ.ស បានរៀបចំវគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការីលើកទី២ ស្តីពី "គោលការណ៍គ្រឹះក្នុងការអន្តរាគមន៍ និង ថែទាំអ្នកជម្ងឺទឹកនោមផ្អែម និង ការគ្រប់គ្រងឱសថតាមប្រព័ន្ធព័ត៌មានវិទ្យា"។

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស លោកសាស្រ្តាចារ្យ ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការរង ស.វ.ស លោកសាស្រ្តាចារ្យរង សេង សុភាព សាកលវិទ្យាធិការរង លោកសាស្រ្តាចារ្យព្រឹទ្ធបុរស/នាយក លោកជំទាវសាស្រ្តាចារ្យ ទេព រង្ស៊ី អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត លោកសាស្រ្តាចារ្យ ប៊ុន ហ៊ត តំណាងសាកលវិទ្យាល័យ សមាគមមិត្តនិស្សិត និង ឱសថការីខ្មែរ នៅប្រទេសបារាំង (AEPK) លោកស្រីឱសថបណ្ឌិត Nop Santhary (AEPK) លោកស្រីសាស្រ្តាចារ្យ គ្រុយ ស៊ុនឡាយ ប្រធានសមាគមឱសថការីកម្ពុជា។

សូមជម្រាបថា នេះគឺជាលើកទី២ដែលមហាវិទ្យាល័យឱសថសាស្រ្តនៃ ស.វ.ស បានរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមនេះ។ លើកទី១ មហាវិទ្យាល័យបានធ្វើឡើងនាខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានឱសថការីចំនួន១២០នាក់បានចូលរួម។ ឱសថការីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបាននូវក្រេឌីតចំនួន១ និង វិញ្ញាបនបត្របញ្ជាក់ ពីគណៈឱសថការី និង ស.វ.ស។វគ្គបណ្តុះបណ្តាលលើកទី២នេះ ធ្វើឡើងរយៈពេល២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦ ដែលមានការសិក្សាផ្នែកទ្រឹស្តី និង ការអនុវត្តផ្ទាល់ ក្រោមប្រធានបទចំនួន១៥។

Posted on: 08/18/2016 2:47:48 PM