ព័ត៌មាន៖ សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុនសាណូហ្វីសាកលក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ
ដោយមើលឃើញពីគុណប្រយោជន៍នៃការទប់ស្កាត់ឱសថក្លែងក្លាយ ក៏ដូចជាពង្រឹងបន្ថែមចំណេះដឹងដល់និស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" សហការជាមួយនឹងក្រុមហ៊ុនសាណូហ្វីកម្ពុជា បានរៀបចំសិក្ខាសាលាមួយឡើងក្រោយប្រធានបទ"ការចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុនសាណូហ្វីសាកល ចូលរួមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ" ដោយមាននិស្សិតឱសថសាស្រ្តឆ្នាំទី៥ ប្រមាណ១៦០នាក់ចូលរួម។
សិក្ខាសាលានេះ បានប្រព្រឹត្រ្តទៅនាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីភាពពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវីទ្យាធិការ ស.វ.ស លោកស្រី Dao Thu Nga នាយកប្រតិបត្តិនៃក្រុមហ៊ុនសាណូហ្វីកម្ពុជា លោកសាស្រ្តាចារ្យ ឈាង សេនា ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត លោកសាស្រ្តាចារ្យជំនួយ អៀម សុផល នាយកនៃ ស.ប.ថ.វ នៃ ស.វ.ស។ ជាមួយគ្នានោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រ្តីព្រឹទ្ធបុរសរង មន្រ្តីរាជការ បុគ្គលិក ជាច្រើនរូប។
សិក្ខាសាលាពេញមួយព្រឹកនេះ ធ្វើឡើងដើម្បីចូលរួមពង្រីកបន្ថែមទៀតនូវចំណេះដឹងរបស់អនាគតឱសថការី សំដៅក្រើនរំព្ញកដល់ពួកគាត់ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវប្រើប្រាស់ឱសថដែលមានប្រភពច្បាស់លាស់ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។ បន្ថែមពីនោះទៀតសោត ត្រូវតាមដានព័ត៌មានទាក់ទងនឹងឱសថក្លែងក្លាយនេះ រួមជាមួយនឹងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗបន្ថែម។