សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំនូវវគ្គបណ្តុះបណ្តាល អ្នកប្រមូលទិន្នន័យសម្រាប់គម្រោងស្រាវជ្រាវ ដែលមានឈ្មោះថា ជម្ងឺរលាកថ្លើមប្រភេទ C នៅក្នុងប្រទេសកម្ពុជា

នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំនូវវគ្គបណ្តុះបណ្តាល​ "អ្នកប្រមូលទិន្នន័យសម្រាប់គម្រោងស្រាវជ្រាវ ដែលមានឈ្មោះថា ជម្ងឺរលាកថ្លើមប្រភេទ C នៅក្នុងប្រទេសកម្ពុជា៖ អេពីដេមីសាស្រ្ត កត្តាប្រឈម និង ទំហំនៃជម្ងឺ"។ វគ្គបណ្តុះបណ្តាលនេះ អញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស។ វគ្គនេះមានការអញ្ជើញចូលរួមគ្រូបង្គោល៣រូប និង មានសិក្ខាកាមចំនួន ១៩រូប ដោយបែងចែកជាអ្នកគ្រប់គ្រងទិន្នន័យ និង អ្នកសំភាសន៍ប្រមូលទិន្នន័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានធ្វើការសាកសួរពីបទពិសោធន៍ការងាររបស់សិក្ខាកាមទាំងអស់ទាក់ទងនឹងការស្រាវជ្រាវ និង សូមអោយសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ទាំងក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនេះ ដោយត្រូវអានឱ្យបានច្បាស់លាស់ និង ផ្តល់ជាយោបល់ផ្សេងៗដើម្បីកែសម្រួលលើកម្រងសំណួរ មុននឹងការចុះអនុវត្តន៍ផ្ទាល់។ ជាមួយគ្នានោះឯកឧត្តមសាស្រ្តាចារ្យ បានធ្វើការក្រើនរំព្ញកដល់សិក្ខាកាមទាំងអស់ត្រូវគោរពក្រមសីលធម៍នៅពេលចុះធ្វើការស្រាវជ្រាវនេះ ដោយត្រូវរក្សាឱ្យបានការសម្ងាត់ និង មានការយល់ព្រឹមដោយស្ម័គ្រចិត្តដោយច្បាស់លាស់។ ជាពិសេសគឺត្រូវគោរពនូវឯកជនភាពនៃអ្នកដែលត្រូវសំភាសន៍។ សូមជម្រាបថា សិក្ខាកាមទាំងអស់សុទ្ឋតែធ្លាប់មានបទពិសោធន៍ទាក់ទងនឹងគម្រោងស្រាវជ្រាវផ្សេងៗទាក់ទងនឹងវិស័យសុខាភិបាល និង ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាងដើម្បីធានាបាននូវគុណភាព និង ប្រសិទ្ឋភាព។ វគ្គបណ្តុះបណ្តាលដែលរៀបចំដោយ ស.វ.ស នេះ ទទួលបាននូវដៃគូរសហការជាច្រើនដែលមានដូចជា៖ អង្គការ Khana មូលនិធិ​ Merrier, University of New South Wales, និង​ វិទ្យាស្ថាន ប៉ាស្ទ័រ។

Posted on: 03/18/2016 11:38:23 PM