សម្តេចតេជោ ហ៊ុន សែន ប្រគល់ពាន់រង្វាន់ជ័យលាភីលេខ៣ ដល់ក្រុមសិល្បៈរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

នាព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៦ ក្រុមសិល្បៈនិស្សិតនៃ ស.វ.ស ទទួលបាននូវកិត្តិយសដ៍ឧត្តុង្គឧត្តមបំផុតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ដោយផ្ទាល់នូវពានរង្វាន់ជ័យលាភីលេខ៣ ក្នុងឱកាស«ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ។
ក្នុងឱកាសដ៏មានតម្លៃនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និង លោកសាស្រ្តាចារ្យ ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការរង នៃស.វ.ស បានអញ្ជើញដោយផ្ទាល់ដើម្បីអបអរសាទរចំពោះការខិតខំរបស់ប្អូនៗក្រុមសិល្បៈនិស្សិត ស.វ.ស ធ្វើឱ្យទទួលបានផ្លែផ្កាគួរជាទីមោទននាថ្ងៃនេះ។
"តំណក់ឈាមអ្នក ជីវិតខ្ញុំ" គឺជារឿងអប់រំខ្លីទាក់ទងនឹងការបរិច្ចាគឈាមដើម្បីជួយសង្រ្គោះជីវិត ដែលរៀបចំដោយក្រុមសិល្បៈនិស្សិត ស.វ.ស។
ការសម្តែងជាផ្លូវការឈុតអប់រំ "តំណក់ឈាមអ្នក ជីវិតខ្ញុំ" របស់ក្រុមសិល្បៈនិស្សិត ស.វ.ស ក្នុងមហោស្រព “ទិវាវប្បធម៌ជាតិ លើកទី១៨” នេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលមហោស្រពចតុមុខ។
«ទិវាវប្បធម៌ជាតិ ៣ មីនា» ត្រូវបានប្រារព្ឋឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងបំផុសស្មារតី ដល់កុលបុត្រ កុលធីខ្មែរ ឲ្យចេះស្រឡាញ់ ថែរក្សា និងអភិរក្ស នូវវប្បធម៌ជាតិ ដ៏ល្អផូរផង់របស់យើង។

Posted on: 03/04/2016 4:45:08 PM