ប្រជាពលរដ្ឋសង្កាត់ភ្នំពេញថ្មី ៥១៥នាក់ ទទួលការពិនិត្យជម្ងឺភ្នែកដោយឥតគិតថ្លៃ

កម្មវិធីចុះសហគមន៍ដើម្បីពិនិត្យព្យាបាលភ្នែកជូនប្រជាជននៅមណ្ឌលសុខភាពភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រព្រឹត្តិទៅនាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ សកម្មភាពចុះពិនិត្យភ្នែកជូនប្រជាពលរដ្ឋតាមសហគមន៍នេះ មានការសហការគ្នា រវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង មន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត មន្ទីរពេទ្យព្រះអង្គឌួង កម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខ័ណ្ឌសែនសុខ និងសង្កាត់ភ្នំពេញថ្មី និងដោយមានការសហការគាំទ្រ ពីអង្គការ Fred Hollows Foundation ផងដែរ។ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៥១៥នាក់ (ស្រី ២៦០នាក់) បានទទួលការពិនិត្យជម្ងឺភ្នែកដោយ ឥតគិតថ្លៃ និងដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ក្នុងចំនោមនោះ ប្រជាពលរដ្ឋចំនួន ៣៩៧នាក់ (ស្រី ១៩៦នាក់) ទទួលបានវ៉ែនតា និង បើកថ្នាំចាំបាច់មួយចំនួនទុកសំរាប់ប្រើប្រាស់។ ដោយឡែក ប្រជាពលរដ្ឋចំនួន ១១៨នាក់ (ស្រី៦៧នាក់)ផ្សេងទៀត ត្រូវបានតំរូវធ្វើការបញ្ជូនទៅពិនិត្យ និង ទទួលការព្យាបាលបន្តនៅតាមមន្ទីរពេទ្យរដ្ឋចំនួន២មាន៖ មន្ទីពេទ្យអង្គឌួង (៥៥នាក់ ស្រី៣៦នាក់) និង មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត (៦៣នាក់ ស្រី៣១នាក់)។ អ្នកមីង អាំ សារ៉ែន អាយុ ៦២ឆ្នាំ ជាប្រជាពលរដ្ឋសង្កាត់ភ្នំពេញថ្មី បានឱ្យដឹងថា អ្នកមីងមានសេចក្តី រីករាយណាស់នៅពេលបានឮដំណឹងថា មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកព្យាបាលសុខភាពភ្នែកជូនប្រជាជន ដោយឥត គិតថ្លៃនេះ។ អ្នកមីងបានស្នើសុំឱ្យមានកម្មវិធីចុះពិនិត្យសុខភាពនេះឱ្យបានញឹកញាប់។

Posted on: 2015-03-11 20:02:38