ស.វ.ស និង វិទ្យាស្ថានប៉ាស្ទ័រប្រចាំប្រទេសកម្ពុជា ចុះបន្តអនុស្សរណ:យោគយល់គ្នា

ទីតាំងទី១ ស.វ.ស៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" បានរៀបចំពិធីចុះអនុស្សរណ:យោគយល់គ្នាជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រប្រចាំប្រទេសកម្ពុជា។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស និង លោកសាស្រ្តាចារ្យ André Spiegel ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC)។ ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកព្រឹទ្ធបុរស លោកនាយក និងសហការីនៃអង្គភាពទាំងពីរ។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានលើកឡើងពីការដើរតួរនាទីដ៏សំខាន់មួយរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជាមួយនឹងស.វ.ស ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាកលវិទ្យាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្រ្តាចារ្យ André Spiegel និងសហការីរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC)។
លោកសាស្រ្តាចារ្យ André Spiegel បានគូសបញ្ជាក់ពីភាពជាដៃគូរដ៍រឹងមាំ និងយូរអង្វែងរវាងស.វ.ស និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងគម្រោងស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល។ លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរំលេចពីតាំងចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងទៅវិញទៅមកក្នុងវិស័យសុខាភិបាល។
គួររំលេចជូនថា ខ្លឹមសារសំខាន់នៃអនុស្សារណ:នេះផ្តោតទៅលើការពង្រឹងទំនាក់ទំនងផ្ទាល់រវាងអន្តរស្ថាប័នទាំងពីរលើកិច្ចការស្រាវជ្រាវ ការអប់រំ និងកិច្ចសហប្រតិបត្តិការផ្សេងៗ តាមរយ:ការរៀបចំសិក្ខាសាលា វគ្គណ្តុះបណ្តាល សន្និសីទ ការទទួលអ្នកសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការលើកកម្ពស់កម្មវិធីសិក្សារបស់និស្សិតតាមរយៈការស្រាវជ្រាវផ្សេងៗ។ អនុស្សារណ:នាពេលនេះគឺជាចំណែកដ៏សំខាន់មួយថែមទៀតក្នុងការរួមគ្នាលើវិស័យសិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលផ្ទាល់នៅកម្ពុជា៕

Posted on: 05/27/2024 1:38:43 PM