ស.វ.ស ផ្សព្វផ្សាយពីលទ្ធផលគម្រោងស្រាវជ្រាវ“ការសិក្សាអំពីកត្ដារាំងស្ទះ និងកត្ដាជំរុញនៃតម្រូវការ និងការប្រើប្រាស់ថ្នាំបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រព្រឹត្ដប្រឈម (PrEP) ក្នុងចំណោមប្រជាជនក្នុងក្រុមប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍ក្នុងប្រទេសកម្ពុជា”

ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ”ស.វ.ស” បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោងសិក្សា ស្តីពី “ការសិក្សាអំពីកត្ដារាំងស្ទះ និងកត្ដាជំរុញនៃតម្រូវការ និងការប្រើប្រាស់ថ្នាំបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រព្រឹត្ដប្រឈម (PrEP) ក្នុងចំណោមប្រជាជនក្នុងក្រុមប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍ក្នុងប្រទេសកម្ពុជា”។
សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស រួមជាមួយនឹងវត្តមាន ឯកឧត្តមវេជ្ជបណ្ឌិត ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី Patricia Ongpin UNAID Country Director និងលោកសាស្ត្រាចារ្យ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ ជាមួយគ្នានោះ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អញ្ជើញមកពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍(NAA) មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) UNAIDS FHI360 KHANA RHAC CWPD MHC MHSS HACC មន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិក ដែលមកពីរាជធានីភ្នំពេញ ខេត្ដព្រះសីហនុ ខេត្ដសៀមរាប និងខេត្តបន្ទាយមានជ័យ មានប្រមាណ ៤០ នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវលទ្ធផលស្រាវជ្រាវជូនទៅដល់អាជ្ញាធរជាតិ UNAIDS មជ្ឈមណ្ឌលជាតិ អ្នកផ្តល់សេវាផ្នែកថ្នាំបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រព្រឹត្តប្រឈម (PrEP) នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិក និងសហគមន៍នៃប្រជាជនក្នុងក្រុមប្រឈមមុខខ្ពស់ ដែលបានសហការ និងចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងសិក្សានេះ ដែលជាកិច្ចសហការរវាង សវស និង NCHADS បានចាប់ផ្តើមប្រមូលទិន្នន័យ ចាប់ពីដើមខែតុលា និងបានបញ្ចប់ជាស្ថាពរក្នុងដើមខែធ្នូ ឆ្នាំ២០២៣ នៅតាមមណ្ឌលប្រមូលទិន្នន័យចំនួន ០៦ កន្លែង ដែលជាមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិកផ្តល់សេវាប្រឹព ក្នុងរាជធានីភ្នំពេញ ខេត្ដព្រះសីហនុ ខេត្ដសៀមរាប និងខេត្តបន្ទាយមានជ័យ ដោយទទួលការឧបត្ថម្ភថវិកាពីអង្គការ UNAIDS ក្នុងគោលបំណងចម្បង ដើម្បីធ្វើការស្វែងយល់អំពីការផ្តល់សេវា និងតម្រូវការ ក៏ដូចជាការប្រើប្រាស់ថ្នាំបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រព្រឹត្តប្រឈម (PrEP) ដើម្បីរិះរកវិធានការដែលអាចធ្វើឲ្យប្រសើរឡើងនូវសេវាផ្តល់ថ្នាំបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រព្រឹត្តប្រឈម (PrEP) និងបង្កើនតម្រូវការ ក៏ដូចជាការប្រើប្រាស់ថ្នាំបង្ការ PrEP នេះ។
ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ភាពរើសអើងនិងចំនួនកន្លែងផ្តល់សេវាប្រឹពនៅមានចំនួនកំណត់បានដើរតួនាទីជាកត្តារាំងស្ទះក្នុងការប្រើប្រាស់ថ្នាំបង្ការ PrEPនេះ ស្របពេលដែលការចូលរួមផ្សព្វផ្សាយ ពីសំណាក់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គការដៃគូ អ្នកដែលកំពុងប្រើប្រាស់ថ្នាំប្រឹព ក៏ដូចជាការចូលរួមផ្សព្វផ្សាយពីមន្រ្តី-បុគ្គលិកសុខាភិបាលផ្នែកជំងឺទូទៅ អំពីព័ត៌មានក្នុងការប្រើប្រាស់ និងផលប្រយោជន៍របស់ថ្នាំប្រឹព អោយបានទូលំទូលាយ ជាកត្តាជំរុញនៃតម្រូវការក្នុងការប្រាស់ប្រាស់ថ្នាំបង្ការនេះ។ បន្ថែមពីនេះដែរ វិធីសាស្ត្រក្នុងការប្រាស្រ័យទាក់ទង រវាងអ្នកផ្តល់សេវាប្រឹព និងអ្នកទទួល ក៏មានសារៈសំខាន់ផងដែរក្នុងការរក្សាអ្នកទទួលសេវា ឬអតិថិជនប្រឹព ឲ្យស្ថិតនៅក្នុងសេវាប្រឹព៕

Posted on: 02/24/2024 12:59:08 PM