ថ្នាក់ដឹកនាំ ស.វ.ស បានអនុញ្ញាតឲ្យប្រតិភូនៃ IndoPAcLab Program ប្រទេសអូស្ត្រាលី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ទីតាំងទី១ ស.វ.ស៖ នារសៀលថ្ងៃ ចន្ទ ៩ កើត ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ ស.វ.ស និងក្រុមការងារ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយប្រតិភូនៃ IndoPacLab Program ដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី ចំនួន ០៦ រូប ។
កិច្ចពិភាក្សានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស ជាមួយនឹងប្រតិភូនៃ IndoPAcLab Program ដឹកនាំដោយលោកសាស្ត្រាចារ្យ John Kaldor (មកពី Kirby Institute) លោកស្រីបណ្ឌិត Michaela Riddell (មកពី Kirby Institute) លោកស្រី Kirsten Ridley (មកពី Kirby Institute) លោកសាស្ត្រាចារ្យរង Philip Cunningham (មកពី Kirby Institute និង St. Vincent Center for Applied Medical Research) លោក Leon Patrick McNally (មកពី St. Vincent Center for Applied Medical Research) និង លោកស្រី Jacqueline Prestedge (មកពី Doherty Institute) ដែលជា ក្រុមការងាររបស់ IndoPacLab Program។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់ប្រតិភូនៃ IndoPAcLab Program ដែលបានអញ្ជើញមកពីប្រទេសអូស្រ្តាលី ដើម្បីរៀបចំកម្មវិធី TriCountry forum ស្តីពី Strengthening Laboratory and Diagnostic Capacity in the Indo-Pacific (IndoPacLab) Program នៅប្រទេសកម្ពុជា ក៏ដូចជារំលឹកឡើងវិញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស.វ.ស និង ក្រុមការងារនេះ ក្នុងការអនុវត្តគម្រោង FIND-Accelerator និង បានបញ្ចប់ទៅយ៉ាងជោគជ័យ និង ជាគំរូសម្រាប់ប្រទេសដទៃទៀត ដែលចូលរួមអនុវត្តគម្រោងនេះផងដែរ។
លោកសាស្ត្រាចារ្យ John Kaldor បានលើកឡើងពីប្រវត្តិនៃការងារស្រាវជ្រាវរបស់លោកនៅប្រទេសកម្ពុជា ដែលមានរយៈពេលជាង ២០ ឆ្នាំ មកហើយ ដោយលោកតែងតែចូលរួមដឹកនាំក្នុងការងារស្រាវជ្រាវ និង កិច្ចការផ្សេងៗទៀតជាច្រើន ដែលទាក់ទងនឹងជំងឺអេដស៍ រលាកថ្លើម និង ជំងឺឆ្លងផ្សេងៗទៀត ដែលក្នុងនោះ នៅចុងឆ្នាំ ២០២១ លោកក៏បានសហការដឹកនាំគម្រោង FIND-Accelerator" ដែលផ្តោតលើតេស្តរហ័សសម្រាប់ជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារទាំងពីរក៏បានពិភាក្សាគ្នាអំពីឱកាសក្នុងការលើកគម្រោងស្រាវជ្រាវផ្សេងៗជាច្រើន ពាក់ព័ន្ធនឹងជំងឺអេដស៍ ជំងឺរលាកថ្លើម របេង គ្រុនចាញ់ មហារីកមាត់ស្បូន One Health និងគម្រោងដែលទាក់ទងទៅនឹងភាពស៊ាំនៃថ្នាំផ្សះជាដើម។
ប្រតិភូនៃ IndoPacLab Program បានប្តេជ្ញាចិត្តថា នឹងត្រៀមផ្តល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយស.វ.ស នឹងជួលសម្រួល ដល់ការងារបចេ្ចកទេសផ្សេងៗ ដែលមន្ត្រី-បុគ្គលិកស.វ.ស អាចនឹងត្រូវការ ដើម្បីអាចដាក់សំណើរគម្រោងស្រាវជ្រាវរបស់ខ្លួន ទៅកាន់ Funders នានា ប្របកដោយជោគជ័យ៕