គណៈប្រតិភូសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ចំនួន ០២ រូប ចូលរួមកិច្ចប្រជុំបណ្តាញ South and Southeast Asia Medical Education and Service Alliance និងចូលរួមអបអរសាទរខួបលើកទី៩០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming និងកិច្ចប្រជុំផ្សេងៗទៀត
ទីក្រុង Kunming ប្រទេសចិន៖ តបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ Xia Xueshan សាកលវិទ្យាធិការ សាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming នៃសាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃអង្គារ ៣ កើត ដល់ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) អមដំណើរដោយលោកសាស្រ្តាចារ្យជំនួយ គីម សុធា ប្រធានលេខាធិការដ្ឋាន នៃស.វ.ស បានចូលរួមកិច្ចប្រជុំបណ្តាញ South and Southeast Asia Medical Education and Service Alliance និងកម្មវិធីអបអរសាទរខួបលើកទី៩០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming ព្រមទាំងចូលរួមកម្មវិធីផ្សេងៗទៀត រួមមាន Innovation and Development conference និង ទស្សនកិច្ចសារមន្ទីរប្រវត្តិសាស្រ្ត នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងស.វ.ស និង សាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសំដែងការអបអរសាទរចំពោះខួប៩០ ឆ្នាំ នៃការវិវឌ្ឍរបស់សាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming និងបានថ្លែងអំណរគុណសាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងស្ថាប័នទាំងពីរនាពេលកន្លងមក។ សាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming បានឯកភាពទទួលនិស្សិតថ្នាក់កម្មវិធីអន្តរជាតិ ផ្នែកវេជ្ជសាស្រ្ត ផ្នែកឱសថសាស្រ្ត នៃស.វ.ស មកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming ព្រមទាំងទទួលថ្នាក់ដឹកនាំស.វ.ស ក្នុងការសិក្សាបទពិសោធន៍ស្តីពីការគ្រប់គ្រងមន្ទីរពេទ្យសាកលវិទ្យាល័យ នៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្រ្ត Kunming នាពេលខាងមុខ។ លើសពីនេះ ភាគីទាំងទាំងពីរ យល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើការងារស្រាវជ្រាវរួមគ្នា ទាក់ទងនឹងសុខភាពសាធារណៈ ជំងឺឆ្លង ..។ល។
ដោយឡែក នៅក្នុងកិច្ចប្រជុំបណ្តាញ South and Southeast Asia Medical education and Service Alliance ឆ្នាំ២០២៣ ក្នុងនាមជាសមាជិកផ្តួចផ្តើម (Founder member) នៃបណ្តាញ South and Southeast Asia Medical education and Service Alliance ស.វ.ស បានចូលរួមបោះឆ្នោតគាំទ្រ ការពង្រីកបន្ថែមសមាជិកបណ្តាញចំនួន ៤ បន្ថែមទៀត។ សមាជិកបណ្តាញទាំងអស់ បានឯកភាព ជម្រុញការងារសហការក្នុងបណ្តាញ ឬអនុបណ្តាញ ស្របតាមតម្រូវការរបស់សមាជិកបណ្តាញ ដើម្បីធ្វើយ៉ាងណា លើកកម្ពស់ការចែករំលែកគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារតែមួយ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងលើគុណភាពបណ្តុះបណ្តាល និងផ្តល់សេវាវេជ្ជសាស្រ្ត ក្នុងតំបន់ South and Southeast Asia។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានចែករំលែកបទពិសោធន៍អំពីការកែទម្រង់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល នៅប្រទេសកម្ពុជា ជូនដល់តំណាងស្ថាប័ននានា នៃបណ្តាញ South and Southeast Asia Medical education and Service Alliance ក្នុងកម្មវិធី 2nd President/Dean’s forum of South and Southeast Asia Medical education and Service Alliance។ គណៈប្រតិភូស.វ.ស ក៏បានទទួលនូវបទពិសោធន៍ទាក់នឹងការលើកកម្ពស់គុណភាព និងនវានុវត្តន៍ បណ្តុះបណ្តាល និងការផ្តល់សេវាវេជ្ជសាស្រ្ត ដែលបានចែករំលែកពីបណ្តាស្ថាប័នផ្សេងៗផងដែរ ព្រមទាំងបានទទួលនូវចំណេះដឹងថ្មីៗ ស្តីពីការវិវឌ្ឍនៃការងារស្រាវជ្រាវ លទ្ធផល និងបទពិសោធន៍ នៃការស្រាវជ្រាវ នវានុវត្តន៍ ក្នុងវិស័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត ផងដែរ។ លើសពីនេះ ទស្សនកិច្ចនេះ បានផ្តល់ជាឱកាស ក្នុងការបង្កើត និងបង្កើនទំនាក់ទំនងទ្វេភាគីបន្ថែមទៀត រវាងស.វ.ស ជាមួយសាកលវិទ្យាល័យផ្សេងៗ ក្នុងបណ្តាញ South and Southeast Asia Medical Education and Service Alliance។
គួរំលឹកថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលជាសមាជិកផ្តួចផ្តើម (Founder member) នៃបណ្តាញ South and Southeast Asia Medical education and Service Alliance តាំងពីឆ្នាំ ២០១៩។ គិតមកដល់ពេលនេះ បណ្តាញ South and Southeast Asia Medical education and Service Alliance មានសមាជិកសរុបចំនួន ៥៦ ស្ថាប័នបណ្តុះបណ្តាល ដែលធ្វើឱ្យបណ្តាញនេះ រិតតែមានសក្តានុពល ក្នុងកិច្ចសហការ ឱ្យកាន់តែស្អិតរមួត ក្នុង South and Southeast Asia៕